តារាចម្រៀង រ៉ន ណាវី ប្អូនស្រីបង្កើត រ៉ន ចាន់ឌីន ជួបគ្រោះធំលាគ្មានថ្ងៃត្រឡប់ (ដោយសារគ្រោះថ្នាក់ចរាចរណ៍)

• កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងគ្រោះថ្នាក់ចរាចរណ៍របស់យុវតីមួយរូប ដែលមានមុខមាត់ស្រដៀងនឹង រ៉ន ចាន់ឌីន បេក្ខភាពឆ្នើម The Voice Kid Cambodia រដូវកាលទី ១។
• យ៉ាងណាមិញ ការពិតទៅយុវតីដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ គឺមានឈ្មោះ រ៉ន ណាវី ត្រូវជាប្អូនស្រីបង្កើតរបស់ កញ្ញា រ៉ន ចាន់ឌីន ដែលជាបេក្ខភាពឆ្នើមដូចគ្នាក្នុងកម្មវិធីប្រកួតចម្រៀង The Voice Kid Cambodia រដូវកាលទី ៣។

• ដោយឡែក ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ និង បញ្ជូនទៅសង្គ្រោះបន្ទាន់រហូតដល់ម៉ោង ១២ និង ៣០ នាទី រំលងអធ្រាត្រថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦ កន្លងទៅនេះ តារាចម្រៀងវ័យ ១៥ ឆ្នាំ រូបនេះ បានលាចាកលោកគ្មានថ្ងៃត្រឡប់ឡើយ។
ប្រភពព័ត៌មានបានបញ្ជាក់ថា តាមរយៈការបង្ហោះការជូនដំណឹងយ៉ាងក្តុកក្តួលពីតារាចម្រៀង រ៉ន ចាន់ឌីន បងស្រីរបស់ រ៉ន ណាវី បានរៀបរាប់ថា «សូមឱ្យវិញ្ញាណក្ខន្ធ ប្អូនស្រីរបស់បងនាម រ៉ន ណាវី អាយុ ១៥ ឆ្នាំ បានទៅកាន់សុគតិភពកុំបីខានឡើយណា ដោយសារគ្រោះថ្នាក់ចរាចរណ៍»។
កញ្ញា រ៉ន ចាន់ឌីន បន្ថែមថា «ថ្ងៃពុធ ទី ១៨ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង ១២:៣០ នាទី រំលងអធ្រាត្រ។ ពេលនេះអូនទៅដល់ស្រុកហើយ អត់មានប្រាប់បងអីមួយម៉ាត់! បងបងអាចទៅលេងអូនចុងក្រោយផងណា ជាតិក្រោយកុំអាយុខ្លីទៀតណាប្អូនស្រីបង។ បើមានជាតិក្រោយបងសុំជួបប្អូនទៀតណា»។
គួរជម្រាបថា យុវតី រ៉ន ណាវី គឺជាតារាចម្រៀងវ័យក្មេងមួយរូប ដែលមានសមត្ថភាពមិនចាញ់បងស្រីនោះឡើយ ខណៈនាងបានចូលរួមប្រកួតចម្រៀងកុមារដល់ទៅ ២ ដង ដោយលើកទី ១ ក្នុងកម្មវិធី Cambodian Idol Junior រដូវកាលទី ១។
ក្រោយមក រ៉ន ណាវី ក៏បានបោះជំហានចូលរួមប្រកួតកម្មវិធីចម្រៀងកុមារលំដាប់អន្តរជាតិ The Voice Kid Cambodia រដូវកាលទី ៣ ដោយមិនទទួលបានជ័យលាភីក៏ពិតមែន ប៉ុន្តែយុវតីរូបនេះ បានឈានទៅដល់ Top កំពូល និង ក្លាយទៅជាតារាចម្រៀងវ័យក្មេងទទួលបានការគាំទ្រខ្លាំងពីមហាជន៕

You might also like