កម្ពុជា-រវ៉ាន់ដា នឹងបន្តជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យបានខ្លាំងក្លា

កម្ពុជា-រវ៉ាន់ដានឹងបន្តពង្រឹង និងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាពិសេសជំរុញការធ្វើពាណិជ្ជកម្ម ទ្វេភាគីឱ្យបានខ្លាំងក្លា ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ បានអនុញ្ញាត ឯកឧត្តម Bakuramutsa NKBITO MANZI ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែល មាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រជាជាតិទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ និងបានលើកឡើងរវាងកម្ពុជានិងរវ៉ាន់ដា ជាពិសេសលើទិដ្ឋភាពប្រវត្តិសាស្ត្រនៃការកសាងជាតិឡើងវិញ ចេញពីចំណុចសូន្យ រហូតសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឈរលើមូលដ្ឋាននេះភាគីរវ៉ាន់ដា បានបង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែមានសន្ទុះខ្លាំងក្លា បន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីផែនការសកម្មភាពរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់ឆ្នាំ២០២៦ ក្នុង ការបន្តបេសកកម្មគោះទ្វារវិនិយោគនៅក្រៅប្រទេស។ ឯកឧត្តមបានបញ្ជាក់ថា តំបន់អាហ្វ្រិក ជាពិសេសប្រទេសរវ៉ាន់ដា គឺជាគោល ដៅមួយ ក្នុងយុទ្ធសាស្ត្រទាក់ទាញវិនិយោគិន និងការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ។ នេះគឺជាសញ្ញាណវិជ្ជមាន ក្នុងការបើកច្រក សេដ្ឋកិច្ចរវាងអាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងកើត តាមរយៈច្រកទ្វារកម្ពុជា-រវ៉ាន់ដា។
ទាក់ទិនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីព្រឹត្តិការណ៍កិច្ចប្រជុំកំពូលលើក ទី២០ នៃប្រទេសនិយាយភាសាបារាំង (20th Francophonie Summit ) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅចុងឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងនាមជាសមាជិកដ៏សកម្មនៃគ្រួសារហ្វ្រង់កូហ្វូនីដូចគ្នា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ត្រៀមលក្ខណៈជួយសម្រប សម្រួល ដើម្បីឱ្យមានការចូលរួមពីភាគីរវ៉ាន់ដា ជំរុញក្លាយជាកាតាលីករក្នុងកិច្ចទំនាក់ទំនងការទូត និងសេដ្ឋកិច្ចឱ្យកាន់តែខ្ពស់មួយ កម្រិតទៀត។
ក្នុងជំនួបនោះ ភាគីទាំងពីរបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តធ្វើការងារយ៉ាងជិតស្និទ្ធ ដើម្បីប្រែក្លាយស្មារតីនៃជំនួបពិភាក្សា ឱ្យទៅជាសមិទ្ធ ផលជាក់ស្តែង តាមរយៈការរៀបចំវេទិកាធុរកិច្ច និងការផ្លាស់ប្តូរទស្សនកិច្ចរវាងវិស័យឯកជននិងឯកជន ដើម្បីធានាថា ទំនាក់ទំនង កម្ពុជា-រវ៉ាន់ដា នឹងផ្តល់នូវផលប្រយោជន៍ជាអតិបរមាសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

You might also like