ភាគីថៃ ត្រូវបានជំរុញឲ្យជៀសវាងសកម្មភាព នៃការពង្រឹងការកាន់កាប់ដោយខុសច្បាប់ លើទឹកដីកម្ពុជា
(បន្ទាយមានជ័យ)៖ ប្រភពមន្ត្រីបានឲ្យដឹងថា កម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសេចក្ដីរាយការណ៍ពីសកម្មភាពនានារបស់កងទ័ពថៃ នៅតាមបណ្ដោយព្រំដែន និងអំពាវនាវឲ្យឱ្យភាគីថៃ បង្ហាញភាពអត់ធ្មត់ ដើម្បីបញ្ចៀសសកម្មភាពណាមួយដែលអាចបង្កភាពតានតឹង។
ប្រភពបានឲ្យដឹងថា កងទ័ពភូមិភាគទី១ និងកងកម្លាំងប៊ូរ៉ាផា របស់ថៃ បានដាក់កម្លាំងការពារ និងសម្របសម្រួលការវាស់វែងដីធ្លីកសិកម្មចំនួន ៣ កន្លែង សរុបប្រមាណ ៧០ រ៉ៃ (ប្រហែល 11.2 ហិ កតា) នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលស្ថិតក្នុងតំបន់ដែលកាន់កាប់ខុសច្បាប់របស់យោធាថៃ ដែលត្រូវនឹងស្រុកអូរជ្រៅ នៃខេត្តបន្ទាយមានជ័យ របស់កម្ពុជា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃកាលពីកាលពីថ្ងៃទី ១៨-១៩ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ពីការបន្តសាងសង់ជម្រកការពារគ្រាប់បែកសម្រាប់ជនស៊ីវិលនៅតំបន់ព្រំដែន ដោយដំណាក់កាលទី ១ បានសាងសង់ ៣៨ កន្លែង និងដំណាក់កាលទី ២ គ្រោងបន្ថែមជាង ១០០ កន្លែង។
មន្ត្រីរូបនោះបានថ្លែងថា៖ «បញ្ហាព្រំដែន និងសកម្មភាពណាមួយនៅតំបន់ជាប់ព្រំដែន ត្រូវអនុវត្តដោយគោរពយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងពាក់ព័ន្ធរវាងប្រទេសទាំងពីរ។ សកម្មភាពឯកតោភាគីណាមួយ ដែលមានលក្ខណៈបម្លែងស្ថានភាពនៅតំបន់ព្រំដែន មិនថាក្រោមហេតុផលសន្តិសុខ ការវាស់វែងដី ឬការរៀបចំរចនាសម្ព័ន្ធណាមួយក្តី អាចបង្កការយល់ច្រឡំ បង្កើនភាពតានតឹង និងប៉ះពាល់ដល់បរិយាកាសនៃការជឿទុកចិត្តគ្នាទៅវិញទៅមក»។
មន្ត្រីបន្តថា ការកំណត់ព្រំដែន និងការគ្រប់គ្រងតំបន់ព្រំដែន មិនអាចសម្រេចដោយវិធានការយោធា ឬដោយការបង្កើត «ការពិតលើដី» (fait accompli on the ground) តាមរយៈការដាក់កម្លាំង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឬការចេញប័ណ្ណកម្មសិទ្ធិជាឯកតោភាគីបានឡើយ។
មន្ត្រីថ្លែងថា៖«បញ្ហាទាំងនេះ ត្រូវដោះស្រាយដោយគោរពយន្តការទ្វេភាគី ជាពិសេសតាមរយៈគណៈកម្មការព្រំដែនរួម (JBC) ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ»។
ក្នុងន័យនេះមន្ត្រីកម្ពុជាក៏បានអំពាវនាវឱ្យភាគីថៃ បង្ហាញភាពអត់ធ្មត់ ជៀសវាងសកម្មភាពណាមួយដែលអាចត្រូវបានបកស្រាយថា ជាការពង្រឹងការកាន់កាប់ ឬការធ្វើឱ្យស្ថានភាពនៅតំបន់ព្រំដែនផ្លាស់ប្តូរទៅមុខដោយឯកតោភាគី។ ការរក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អរវាងប្រទេសជិតខាង ត្រូវផ្អែកលើការគោរពគ្នា មិនមែនលើការដាក់សម្ពាធតាមកម្លាំង ឬការបង្កើតស្ថានភាពថ្មីនៅលើដីនោះទេ។
ប្រភពឲ្យដឹងថា កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី តាមរយៈការចរចា យន្តការបច្ចេកទេសព្រំដែន និងច្បាប់អន្តរជាតិ ដើម្បីធានាថា ព្រំដែនកម្ពុជា-ថៃ នៅតែជាព្រំដែននៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ មិនមែនជាតំបន់នៃការបង្កហេតុ ឬការផ្លាស់ប្តូរស្ថានភាពដោយឯកតោភាគីឡើយ៕






