ចិនខ្លួនត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការជាមួយតំបន់អាស៊ីអាគ្នេយ៍ សំដៅដោះស្រាយបញ្ហាថាមពល ដែលបណ្តាលមកពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា
ប៉េកាំង៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ ចិនដែលជាប្រទេសមានវិស័យចម្រាញ់ប្រេងធំជាងគេបង្អស់លើពិភពលោក បាននិយាយថា ខ្លួនត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការជាមួយតំបន់អាស៉ីអាគ្នេយ៍ សំដៅដោះស្រាយបញ្ហាថាមពល ដែលបណ្តាលមកពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។
ការបង្ហាញឆន្ទៈរបស់ចិនក្នុងការធ្វើការជាមួយតំបន់ ដែលមានប្រជាជនសរុបជាង៧០០លាននាក់ គឺជាដំណឹងដ៏ល្អមួយសម្រាប់ ក្រុមប្រទេសនាំចូលប្រេងនៅអាស៉ីអាគ្នេយ៍ បន្ទាប់ពីក្នុងខែនេះ ទីក្រុងប៉េកាំងបានដាក់បញ្ជាឱ្យហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ប្រេងសាំង និងប្រេងយន្តហោះរបស់ចិន។ បម្រាមនោះ មុខជានឹងធ្វើឱ្យការខ្វះខាតកាន់តែអាក្រក់ ហើយរុញច្រានតម្លៃ កាន់តែខ្ពស់ថែមទៀត សម្រាប់ប្រទេសនិងដៃគូយុទ្ធសាស្រ្តរបស់ចិន នៅអាស៉ីអាគ្នេយ៍ ដែលបានជួបបញ្ហាកាត់បន្ថយការផ្គត់ផ្គង់រួចស្រាប់ ដោយសារតែសង្រ្គាមអាមេរិក-អ៉ីស្រាអែល ជាមួយអ៉ីរ៉ង់។
នៅពេលត្រូវបានសាកសួរថា តើមកទល់ពេលនេះ មានប្រទេសអាស៉ីអាគ្នេយ៍ណាមួយ បានស្នើមកកាន់ចិនឱ្យជួយដែរឬទេ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយថា «ស្ថានការណ៍នៅមជ្ឈិមបូព៌ា បានបង្កការរំខានចំពោះសន្តិសុខថាមពលជាសកល។ ប្រទេសដែលពាក់ព័ន្ធ គួរតែបញ្ឈប់ប្រតិបត្តិការយោធានានាជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឱ្យអស្ថិរភាពនៅក្នុងតំបន់ ជះផលប៉ះពាល់កាន់តែធ្ងន់ធ្ងរថែមទៀត លើការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក»។
លោក Lin បានបន្ថែមថា «ចិនមានឆន្ទៈធ្វើការដើម្បីពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាស៉ីអាគ្នេយ៍ ក្រោមគោលដៅដោះស្រាយ បញ្ហាសន្តិសុខថាមពល»៕






