បេីករថយន្តបំពានបារ៉ាសបិទមិនឲ្យឆ្លងកាត់ពេលរថភ្លើងធ្វើដំណើរ ត្រូវរថភ្លើងបុកអូសជាច្រើនម៉ែត្ររងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ កាលពី យប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅលើបណ្តោយផ្លូវដែកកែងផ្លូវបេតុងក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសម្នាក់បានបើករថយន្តម៉ាកអាល់ផាត១គ្រឿង ឆ្លងផ្លូវរថភ្លើង ទាំងបំពានបារ៉ាសដាក់ឃាំងហាមឃាត់មិនអោយឆ្លងកាត់ ខណៈរថភ្លើងធ្វើដំណើរ ក៏បានបុកចំពាក់កណ្តាលអូសទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាកអាល់ផាតពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BX-8630 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រាធ្វើដំណើរតាមបណ្តោយផ្លូវលំស្របផ្លូវរថយន្តចេញពីហាងផឹកស៊ីក្បែរកន្លែងកើតហេតុក្នុងទិសដៅពីកើតទៅលិច ។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបួងចង្កូតបត់ស្តាំឆ្លងផ្លូវរថភ្លើង ពីត្បូងទៅជើងវិញ ខណៈមានអ្នកប្រចាំការកាន់កុងត្រូលដើម្បីដាក់រនាំងបារ៉ាសហាមឃាត់មិនឲ្យមានរថយន្តនិងម៉ូតូមធ្យោបាយផ្សេងៗឆ្លងកាត់ពេលរថភ្លើងកំពុងតែបើកឆ្លងកាត់ តែម្ចាស់រថយន្តអាល់ផាតនៅតែមិនព្រមស្តាប់នៅតែបើកឆ្លងទាំងបំពានបារ៉ាស ក៏ត្រូវរថភ្លើងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក៏បានបុកចំពាក់កណ្តាលចំហៀងខាងឆ្វេងអូសទៅមុខជាច្រើនម៉ែត្រ រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់ម្ចាស់រថយន្ត។
ក្រោយមកមន្ត្រីនគរបាលប៉ុស្តិ៍សំរោងក្រោម និងមន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យបានចុះទៅធ្វើការវាស់វែង ព្រមទាំងនាំយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕






