ស្រាយគំនុំចាស់មុនថ្ងៃបុណ្យចូលឆ្នាំថ្មី ទីបំផុតត្រូវសមត្ថកិច្ចក្របួចជាប់០៤នាក់ឯបក្សពួកផ្សេងទៀតសមត្ថកិច្ចកំពុងតាមចាប់

ខេត្តបាត់ដំបង÷កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ១៧.២០ នាទី មានបក្ខពួកក្មេងទំនើងមួយក្រុម មានគ្នាប្រមាណ២០ នាក់ ជិះម៉ូតូប្រមាណ ១០ គ្រឿង ចេញពីសង្ក្រាន្តវិទ្យាល័យថ្មគោល ដល់ចំណុចក្រុម ១៩ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ពួកគេ បាននាំគ្នាធ្វើសកម្មភាពប្រើកាំបិតកាប់ និងយកដុំថ្មគប់ ហើយប្រើមួកសុវត្ថិភាពវាយ លើក្រុមជនរង គ្រោះមានគ្នា ០៩នាក់ ម៉ូតូ០៤គ្រឿង បណ្ដាលឱ្យជនរង គ្រោះ១នាក់ឈ្មោះ ឃួន ប៊ុនហាក់ ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រងរបួសជាច្រើនកន្លែង ជាំក្បាលហើមប៉ោងខ្នង០២កន្លែង(ពីរកាំបិត) ស្មាស្នាមជាំ និងហើម ប៉ោងរលាត់កំភួនដៃឆ្វេង (មួយកាំបិត) ។
ភ្លាមៗព័ត៌មាននេះបានមកដល់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល មានលោកវរសេនីយ៍ ឯក សេង លុច អធិការនិងស្របបញ្ជាដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបា ល ដែលនៅជិតកន្លែងកើតហេតុ បានឡើងស្ទាក់ បង្ក្រាបទាន់ពេលវេលា ដោយនាំខ្លួនជនសង្ស័យចំនួន ០៤ នាក់៖
១-ឈ្មោះ សេង ពិសិទ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិទំពូង ឃុំតាម៉ឺន ស្រុកថ្មគោល (អ្នកវាយម៉ូតូ)
២-ឈ្មោះ ណុប សក្កដា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិតាមាឃ ឃុំគោកឃ្មុំ ស្រុកថ្មគោល (អ្នកវាយជនរងគ្រោះ)
៣-ឈ្មោះ ក្រិត វិច្ឆិកា ភេទប្រុស អា យុ ១៦ឆ្នាំ មានទីលំនៅភូមិកៀនកេះ២ ឃុំគោកឃ្មុំ ស្រុកថ្មគោល (អ្នកឌុប)
៤-ឈ្មោះ ផាន់ ផានិត ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិទំពូង ឃុំតាម៉ឺន ស្រុកថ្មគោល (រត់ចូលវាយជនរងគ្រោះ) ។
ចំណែកបក្ខពួកជនសង្ស័យមួយចំនួនទៀត ជិះម៉ូតូគេចខ្លួនអស់ ។
-វត្ថុតាងដកហូតរួមមាន៖
– ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ផ្លាកកលេខ បន្ទាយមានជ័យ 1AC-3736
– ម៉ូតូ ០១គ្រឿង ម៉ាក់ហុងដាឌ្រីម ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AZ-0368 ។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព វាយម៉ូតូ ប្រើកាំបិតកាប់ និងយកមួកសុវត្ថិភាព គប់ រួចវាយលើជនរងគ្រោះ ប្រាកដមែនដោយសារតែមានគំនុំពីមុនជាមួយគ្នា។
នៅពេលនេះសមត្ថកិច្ចនគរបាលបន្តតាមចាប់បក្សពួកដែលកំពុងរត់គេចខ្លួន ហើយមនុស្ស០៤នាក់និងវត្ថុតាងសមត្ថកិច្ចបាននិងកំពុងរៀបចំសំណុំ រឿងបញ្ជូនមកអនុវត្តទៅតាមផ្លូវច្បាប់ ៕

You might also like