កម្ពុជា-ចិន ពង្រឹងមិត្តដែកថែប និងទំនាក់ទំនង រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំង២

(ទុងហ័រ)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូកម្ពុជា មកដល់ទីក្រុងប្រវត្តិសាស្ត្រ ទុនហ័ង ដែលស្ថិត (Dunhuang) តាមបណ្តោយផ្លូវសូត្របុរាណ។ គណៈប្រតិភូ បានធ្វើទស្សនកិច្ចគម្រោងផលិតថាមពលអគ្គិសនីពីកម្ដៅព្រះអាទិត្យប្រភេទប៉មទំហំ ១០០មេហ្គាវ៉ាត់។ បច្ចេកវិទ្យាថាមពលស្អាតដ៏ទំនើបរបស់ប្រទេសចិន មានសមត្ថភាពប្រកួតប្រជែងជាមួយនឹងថាមពលដើរដោយធ្យូងថ្ម និងពុំចាំបាច់អាស្រ័យលើថាមពលផ្សេង សម្រាប់ដំណើរការឡើយ ដែលសាកសមនិងជាតម្រូវការចាំបាច់សម្រាប់ឧស្សាហកម្ម និងប្រជាជនកម្ពុជា។
រសៀលថ្ងៃដដែលលោកបណ្ឌិត ធន់ វឌ្ឍនា បានជួបពិភាក្សា ជាមួយលោក ជី ពីងស័ន អនុប្រធានសភាប្រជាជនចិន នីតិកាលទី១៣ និងជាប្រធានសមាគមចិនដើម្បីការយល់ដឹងអន្តរជាតិ (CAFIU)។ ក្នុងឱកាសនោះ លោក ជី ពីងស័ន បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពី លោកម ចាវ ឡឺជឺ ប្រធានសភាប្រជាជនចិន ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា ដែលជាកាយវិការឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងដូចបងប្អូនរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
ជាការកត់សម្គាល់កិច្ចពិភាក្សារវាងភាគីទាំងពីរ គ្របដណ្តប់លើវិស័យជាច្រើន និងមានចក្ខុវិស័យវែងឆ្ងាយ ទាំងផ្នែកការស្រាវជ្រាវ និងទំនើបកម្មកសិកម្ម ការអភិវឌ្ឍឧស្សាហកម្មកែច្នៃចំណីអាហារ កិច្ចសហប្រតិបត្តិការលើបេតិកភណ្ឌវប្បធម៌ (ដោយប្រទេសចិនបានប្តេជ្ញាពន្លឿនការជួសជុល និងស្តារប្រាសាទនានារបស់កម្ពុជា ដែលរងការខូចខាត) ព្រមទាំងការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម រវាងខេត្តកានស៊ូ (Gansu) និងកម្ពុជា៕

You might also like