បារាំង-កម្ពុជា ត្រូវពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគីលើការវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានថ្លែងថា បារាំង-កម្ពុជា ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យបន្ថែមទៀត ដូចជា ការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនជាលំដាប់សម្រាប់រយៈពេលវែង ។
ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ បានថ្លែងដូចនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅស្ថានទូតបារាំងប្រចាំនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងអំឡុងពេលឯកឧត្តមបំពេញទស្សនកិច្ចផ្លូវការពីរថ្ងៃនៅកម្ពុជា។ ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរពិតជាមានសំខាន់ណាស់នាពេលនេះ ដោយសារបច្ចុប្បន្ននេះ ពិភពលោកកំពុងតែរស់នៅនិងជួបប្រទះបញ្ហាជម្លោះប្រដាប់អាវុធជាច្រើន ដូចជា នៅអ៊ុយក្រែន ជាដើម ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់ពិភពលោក។ ប្រទេសបារាំងចង់ចូលរួមចំណែក និងប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយកម្ពុជា ក្នុងរយៈពេលវែង ដើម្បីប្រទេសទាំងពីរអាចវិវត្តន៍នៃទំនាក់ទំនងពាណិជ្ជកម្មមួយដ៏ល្អប្រសើរ។
ឯកឧត្តម បន្ថែមទៀតថា បន្ទាប់ពីឯកឧត្តមបានជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់សំខាន់ៗជាច្រើនរបស់កម្ពុជា បារាំងត្រូវធ្វើឱ្យប្រសើរជាងមុននូវកិច្ចសហប្រតិបត្តិការទ្វេភាគីតាមរយៈការពង្រឹងសេដ្ឋកិច្ចបែបឈ្នះឈ្នះ រវាងប្រទេសទាំងពីរ ហើយបារាំងបានផ្តោតសំខាន់លើគម្រោងយុទ្ធសាស្រ្តជាច្រើនជាមួយកម្ពុជាដែលជាការចូលរួមចំណែករបស់ក្រុមហ៊ុនបារាំងនៅកម្ពុជា ជាផ្នែកមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ជាក់ស្តែង ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជាសម្រេចបានផ្លែផ្កាជាច្រើនគួរជាទីពេញចិត្ត។ការប្តេជ្ញារបស់បារាំងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជានាពេលនេះ ត្រូវធ្វើឡើង បន្ទាប់ពីឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងមកកាន់ប្រទេសកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៦ ដែលវត្តមានរបស់ឯកឧត្តមសង្ឃឹមថា នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនេះឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងបារាំង-កម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៥ ដែលមានចំនួន ១,៧៥ពាន់លានអឺរ៉ូ កើនឡើង ១៧,៥% បើធៀបនឹងឆ្នាំ២០២៤។ ចំណែក ការវិនិយោគផ្ទាល់ពីបរទេស (FDI)របស់ប្រទេសបារាំងមកកម្ពុជា បានកើនដល់ ៦៩២លានអឺរ៉ូ នៅចុងឆ្នាំ២០២៤ កើនឡើង ២៤% បើធៀបនឹងឆ្នាំ២០២៣។ ប្រទេសបារាំងនាំចូលផលិតផលសំខាន់ៗពីកម្ពុជា រួមមាន ផលិតផលវាយនភណ្ឌកាត់ដេរ កង់ និងអង្ករ ខណៈបារាំងនាំចេញមកកម្ពុជាវិញនូវយន្តហោះ ដឹកអ្នកដំណើរប្រភេទ RTAជាច្រើនគ្រឿង, ផលិតផលឱសថ, និង ផលិតផលកសិ-ឧស្សាហកម្ម ជាដើម។






