ចាប់ខ្លួនជនជាតិថៃ ដែលបាញ់ប្រហារជនជាតិថៃដូចគ្នា នៅក្រុងប៉ោយប៉ែត

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនជាតិថៃ ដែលបាញ់ប្រហារជនជាតិថៃដូចគ្នា នៅក្រុងប៉ោយប៉ែត ។
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណី ឃាតកម្ម បានកើតឡើង បង្កដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០២នាក់ បានធ្វើសកម្មភាពជិះម៉ូតូ០១ គ្រឿងម៉ាក Honda PCX ពណ៌ស ប្រដាប់ដោយអាវុធខ្លី បាញ់ទៅលើជនរងគ្រោះឈ្មោះ JUSUWAN THONGCHAI ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់នៅកន្លែងហេតុ។ បន្ទាប់ពីធ្វើសកម្មភាព រួចជនសង្ស័យខាងលើបានជិះគេចខ្លួនពីទីតាំងកើតហេតុ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៨៖២០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់មានឈ្មោះ Porawat Thong Hmon ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិថៃ ត្រង់ចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សំភារៈដកហូររួមមាន៖ អាវុធខ្លីចំនួន០២ដើម និងបង់ចំនួន០២។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕

You might also like