កម្លាំងនគរបាលខេត្តមណ្ឌលគិរី បង្ក្រាបសកម្មភាពជីករ៉ែមាសយ៉ាងអនាធិបតេយ្យខុសច្បាប់ ២ទីតាំង​នៅស្រុកកែវសីមា

(ភ្នំពេញ)៖ ដោយអនុវត្តន៍តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍  ថេត អគ្គស្នងការនគរបាលជាតិ និងលោក គង់ គឹមនី អភិបាលខេត្ត​មណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯក​ នួន​ ហាន​ ស្នងការរងទទួលផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹកនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល និងកម្លាំងប៉ុស្តិ៍រដ្ឋបាលចុងផ្លាស់ ប៉ុស្តិ៍មេម៉ង់ សហការជាមួយមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានចុះបង្រ្កាបការធ្វេីរ៉ែមាសអនាធិបតេយ្យខុសច្បាប់ចំនួន​ ២ទីតាំង​។

សកម្មភាពជីករ៉ែមាសយ៉ាងអនាធិបតេយ្យខុសច្បាប់ ២ទីតាំង​ ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​ ដោយពេលក្រុមការងារទៅដល់ទីតាំង​ ពុំឃើញមានអ្នកប្រព្រឹត្តនៅទីនោះ និងបានរឹបអូសបានសម្ភារៈវត្ថុតាងបម្រេីឲ្យការប្រព្រឹត្តល្មេីសមួយចំនួន។

ប្រភពពីកម្លាំងនគរបាល បានបញ្ជាក់ទៀតថា សម្ភារៈដកហូតរួមមាន៖ ថ្មរ៉ែ ៧ការ៉ុង,​ ម៉ាស៊ីនសាំងបូមទឹក ១គ្រឿង,​ ដងឡាម ២ដើម,​ ក្បាលខ្យល់សម្រាប់ស្វានថ្ម ១ឈុត,​ ទុយោគីបខ្យល់មួយចំនួន,​ ម៉ាស៊ីនខ្យល់១គ្រឿង,​ ម៉ាស៊ីនអ៊ុករ៉ែ ១គ្រឿង,​ ម៉ាស៊ីនកិនរ៉ែ១គ្រឿង,​ ក្បាលទាញតុញាក់១គ្រឿង,​ ជើងតុញាក់១គូ,​ ម៉ាស៊ីនភ្លើងទ្រីហ្វា១ឈុត,​ ម៉ូទ័រទាញត្បាលកិននិងអ៊ុករ៉ែ២គ្រឿង,​ ខ្សែភ្លើងប្រភេទចរន្តទ្រីហ្វា ប្រវែង ២០ម៉ែត្រ។

សម្ភារៈវត្ថុតាង​ ក្រុមការងារបានដឹកជញ្ជូនយកទៅរក្សាទុកនៅមន្ទីររ៉ែ និងថាមពលខេត្ត៕

You might also like