ក្រសួងបរិស្ថាន ចាត់វិធានការលើក្រុមហ៊ុន សារុំ ត្រេឌីង ករណីស្តុកទុកសំណល់ឧស្សាហកម្មខុសច្បាប់

(ភ្នំពេញ)៖ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានសហការជាមួយមន្រ្តីជំនាញនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ត្រីរដ្ឋបាលខណ្ឌកំបូល ក្រុមប្រឹក្សាសង្កាត់កំបូល និងតំណាងក្រុមហ៊ុន សារុំ ត្រេឌីង បានចុះពិនិត្យស្ថានភាពនៃការស្តុកទុកគំនរសំណល់ឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម របស់ក្រុមហ៊ុន សារុំ ត្រេឌីង នៅក្នុងភូមិសាស្រ្តភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រុមការងារបានរកឃើញគំនរសំណល់រឹង ប្រភេទកម្ទេចក្រណាត់ និងប្រភេទសំណល់ដែលអាចកែច្នៃបានជាច្រើនប្រភេទ គរស្តុកទុកនៅតាមដីឡូតិ៍ទំនេរ និងមុខផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលប្រកបរបរប្រមូលសំណល់ដែលអាចកែច្នៃបាន (អេតចាយ) សម្រាប់លក់បន្តបម្រើសកម្មភាពកែច្នៃ។
តំបន់នេះដើមឡើយមានទីលានចាក់សំណល់រឹងឧស្សាហកម្មចាស់របស់ក្រុមហ៊ុន សារុំ ត្រេឌីង ប៉ុន្តែទីលាននេះបានបិទតាំងពីឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានសកម្មភាពស្តុក និងកែច្នៃសំរាមដែលបានមកពីរោងចក្រ សហគ្រាស ប៉ុន្តែពុំមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថានឡើយ។
នៅចំពោះបញ្ហាដែលអាចប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្រុមការងារបានដាក់ចេញជាវិធានការណ៍មួយចំនួនដូចខាងក្រោម៖ ត្រូវដកហូតលិខិតអនុញ្ញាតអាជីវកម្មសំណល់រឹងឧស្សាហកម្ម អនុលោមតាមមាត្រា ១៧៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ក្រុមហ៊ុនក៏ត្រូវទទួលរងការពិន័យអន្ដរការណ៍ ករណីបង្កក្លិនស្អុយ ល្មើសមាត្រា ១៦១ និងករណីពុំអនុវត្តតាមកិច្ចសន្យាការពារបរិស្ថាន ល្មើសនឹងមាត្រា ៦៩៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
លើសពីនេះ ក្រុមហ៊ុនត្រូវធ្វើការប្រមូល សម្អាតសំណល់ដែលនៅគរតាមដងផ្លូវ និងតាមទីតាំងមួយចំនួនទៀតឱ្យបានស្អាតឡើងវិញ ទោះបីជាមិនមែនសកម្មភាពរបស់ក្រុមហ៊ុនក៏ដោយ ត្រូវជួយសហការជាមួយអាជ្ញាធរមូលដ្ឋានថែរក្សាបរិស្ថានឱ្យបានល្អ។
ក្រុមការងារក៏បានស្នើសុំអាជ្ញាធរចូលរួមអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ក្នុងការទុកដាក់សំណល់របស់ខ្លួនឱ្យបានត្រឹមត្រូវ មិនអាចយកសំណល់ទៅគរទុកតាមដងផ្លូវ ឬដីឡូតិ៍ទំនេរ ដែលធ្វើឱ្យបាត់បង់សោភ័ណ្ឌភាព អនាម័យបរិស្ថាន និងមានផលប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។
មន្ទីរបរិស្ថាននឹងបន្តពិនិត្យតាមដាន និងមានវិធានការបន្តចំពោះបុគ្គលណាដែលបោះចោលសំណល់ ឬគរទុកមិនមានលក្ខណបច្ចេកទេសសមស្រប។ វិធានការទាំងនេះគឺដើម្បីធានាបាននូវការគ្រប់គ្រងសំណល់ឧស្សាហកម្មប្រកបដោយប្រសិទ្ធភាព និងការពារបរិស្ថាន ក៏ដូចជាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋក្នុងតំបន់៕

You might also like