ACU ត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមក្នុងដំណើរការប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា
ភ្នំពេញ៖ លោក កែវ ធីវុធ ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមនៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦។
នៅឆ្នាំនេះ ក៏មិនខុសពីឆ្នាំ២០២៥ដែរ តាមការលើកឡើងរបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងមានការពង្រឹងបន្ថែមទៀតលើវិធានការក្នុងការរៀបចំការប្រឡង ដែល ACU សូមគាំទ និងនៅតែបន្តសហការជាមួយក្រសួងចូលរួមសង្កេតការណ៍ ក្នុងដំណើរការប្រឡងបាក់ឌុបឆ្នាំនេះទៀត ក្នុងឆ្នាំ២០២៦នេះ ACUក៏បានពង្រីកវិសាលភាពនៃការសង្កេតការណ៍ចាប់ពីដំណាក់កាលបោះពុម្ព វេចខ្ចប់ និង ការគ្រប់គ្រងប្រធានវិញ្ញាសារហូតដល់ការប្រកាសលទ្ធផលប្រឡង។
ការចូលរួមសង្កេតការណ៍របស់ ACU ក្នុងដំណើរការប្រឡងបាក់ឌុប គឺមានទាំងការចាត់តាំងក្រុមការងារសង្កេតការណ៍ និងការបំពាក់កាំមេរ៉ា CCTV ជា ពិសេសនៅក្នុងដំណាក់កាលនៃការបោះពុម្ព វេចខ្ចប់ និងគ្រប់គ្រងប្រធានវិញ្ញាសា និងចាប់ពីដំណាក់កាលកំណ រហូតដល់ការប្រកាសលទ្ធផល សម្រាប់ការចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុបឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុករលួយបានចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រី រាប់ទាំងមន្ត្រីនគរបាលយុត្តិធម៌សរុប៦០០រូប ដើម្បីដឹកនាំការសង្កេតការណ៍នៅ តាមរាជធានីខេត្ត និងមណ្ឌលប្រឡងនីមួយៗ បានជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៤១៥០នាក់។អង្គភាពប្រឆាំងអំពើពុករលួយ មានការរំពឹងទុកខ្ពស់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រមូលកម្លាំងទាំងក្នុង និងក្រៅក្រសួងរួមទាំងអាជ្ញាធរដែនដី កម្លាំងមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដើម្បីឱ្យដំណើរការប្រឡងនៅតែបន្តប្រព្រឹត្តទៅដោយរលូន ប្រកបដោយសណ្តាប់ធ្នាប់ រក្សាបាននូវភាពស្អាតស្អំ ជាពិសេសធានានូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ធានាបាននូវស្ពានគុណភាព ដែលយើងបានរួមគ្នាកសាងជាង ១២ឆ្នាំកន្លងមកនេះ។
ACU ក៏សង្ឃឹមថា សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសាធារណជនទាំងអស់ នឹងបន្តចូលរួមសហការធ្វើយ៉ាងណាឱ្យការប្រឡងបាក់ឌុបរបស់យើងទាំងអស់គ្នា ដំណើរការទៅដោយជោគជ័យ ដ៏ត្រចេះត្រចង់ ដើម្បីអភិវឌ្ឍមូលធនមនុស្សសម្រាប់កម្ពុជាឱ្យកាន់តែខ្លាំងក្លាសំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ។
ACU សូមអំពាវនាវដល់សិស្សានុសិស្ស តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ ដើម្បីទទួលព័ត៌មានថ្មីៗពីការប្រឡង ត្រូវ រក្សាសុខភាពឱ្យបានល្អ គេងឱ្យបានគ្រប់គ្រាន់ និងត្រូវជឿជាក់លើប្រព័ន្ធនៃការប្រឡងនេះ គឺ អ្នកចេះគឺជាប់ សូមប្អូនៗ ជាបេក្ខជនប្រឡងត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងដែលដាក់ចេញដោយក្រសួងដើម្បី ចៀសវាងប៉ះពាល់ដល់លទ្ធផលប្រឡងរបស់ប្អូនៗ៕






