អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា

ភ្នំពេញ៖ លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានវាយតម្លៃថា ក្នុងរយៈពេលមួយ​ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការសំខាន់ៗមួយចំនួន ដើម្បីបង្ក្រាបឧស្សាហកម្មឆបោកតាមអនឡាញ ក្រោមការសម្របសម្រួលរបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. ដែលដឹកនាំផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ថម អេនឌ្រូ បាន​ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ថា ការរីកសាយភាយនៃបណ្តាញឧក្រិដ្ឋកម្មអនឡាញឆ្លងដែននៅក្នុងប្រទេសកម្ពុជា គឺជាបញ្ហា ប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមសិទ្ធិមនុស្សដ៏ធំបំផុតដែលប្រទេសកម្ពុជាកំពុងប្រឈមមុខ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាញទាំងនេះបានប្រើប្រាស់កម្លាំងការងារដោយបង្ខំរបស់ជន រងគ្រោះដែលត្រូវគេជួញដូរមកពីជុំវិញពិភពលោក ដើម្បីប្រព្រឹត្តការឆបោកតាមអនឡាញ ដែលរកចំណូលដោយខុសច្បាប់បានរាប់ពាន់លានដុល្លារ។
គណៈកម្មការប្រយុទ្ធប្រឆាំងនឹងការ ឆបោកតាមអនឡាញរបស់កម្ពុជា​ បានរាយការណ៍ទៅលោក អេនឌ្រូថា អាជ្ញាធរបានកំណត់គោលដៅ និងបិទទីតាំងឆបោកចំនួនជាង ៦០០ កន្លែង និងប្រតិបត្តិករឆបោកប្រមាណ ៣.០០០ នាក់កំពុងប្រឈមមុខនឹងនីតិវិធីព្រហ្មទណ្ឌ។ ទន្ទឹមនឹងនេះ អាជ្ញាធរបានដកហូត ឬផ្អាកអាជ្ញាបណ្ណកាស៊ីណូចំនួន ២៩ កន្លែង ព្រមទាំង រដ្ឋាភិបាលបានចាប់ខ្លួន និងធ្វើបត្យាប័នមេដឹកនាំលេចធ្លោនៃបណ្តាញឆបោកទៅកាន់ប្រទេសចិន ផងដែរ។
លោកមានប្រសាសន៍ថា៖ «សកម្មភាពរបស់រដ្ឋាភិបាលនាឆ្នាំកន្លងមកនេះបានបង្អាក់ដល់បណ្តាញឆបោកតាមអនឡាញ នៅក្នុងប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ មន្ត្រីរដ្ឋាភិបាល និងភាគី ដទៃទៀតបានប្រាប់ខ្ញុំថា បណ្តាញឆបោកតាមអនឡាញនេះ នៅតែបន្តប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយនៅក្នុងករណីខ្លះពួកគេបានការផ្លាស់ប្តូរទីតាំង និងរបៀបប្រតិបត្តិការ»។
ជាមួយគ្នានេះ មន្ត្រីរដ្ឋាភិបាលបានប្រាប់លោក អេនឌ្រូថា មនុស្សប្រហែល ៣០០,០០០ នាក់ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកនេះ បានស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជា។ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) គឺជាយន្តការថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំផ្ទាល់ដោយ នាយករដ្ឋមន្ត្រី មានតួនាទីស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប បោសសម្អាត និងដាក់វិធានការច្បាប់តឹងរឹងលើបទល្មើសឆបោកអនឡាញ (Online Scams) ព្រមទាំងជួយសង្គ្រោះជនរងគ្រោះ៕

You might also like