នគរបាលស្រុកសាមគ្គីមុន្នីជ័យ ឃាត់ខ្លួនជនសង្ស័យ2នាក់ លួចខ្សែភ្លើងក្នុងរោងចក្រ ដែលខ្លួនធ្វើការ
ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងនៅថ្ងៃទី០១ខែសីហានេះថា កម្លាំងសមត្ថកិច្ចបាន ឃាត់មនុស្សចំនួន២នាក់ ពាក់ព័ន្ធករណីចោរកម្ម(លួចខ្សែរភ្លើង)ក្នុងរោងចក្រដែលខ្លួនធ្វើការ។
អនុវត្តតាមការដឹកនាំបញ្ជា ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យនៅថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២៦ វេលាម៉ោង២៣និង៣០នាទីកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាតនៅចំណុចផ្លូវលំខាងជើងភ្នំពាំងល្វា ស្ថិតនៅក្នុងភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ។
ប្រភពបានឲ្យដឹងបន្តថា ជនសង្ស័យ១.ឈ្មោះ នើន នុ ភេទប្រុស អាយុ ៤០ឆ្នាំរស់នៅភូមិគោល ឃុំពពេល ស្រុកសូត្រនិគម ខេត្តសៀមរាប និង២.ឈ្មោះ ជា ចាន់ ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ ជនសង្ស័យទាំង ២នាក់ខាងលើជាកម្មករស្នាក់នៅក្នុងរោងចក្រកែច្នៃអាគុយ ដែលជនសង្ស័យទាំង ២នាក់ខាងលើ ពាក់ព័ន្ធនិងករណីចោរកម្មលួចខ្សែរភ្លើងនៅក្នុងរោងចក្រកែច្នៃអាគុយ ស្ថិតនៅក្នុងភូមិចំបក់រុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ។
ដកហូតវត្ថុតាង:
– ខ្សែរភ្លើង០១ ដុំ ទូរស័ព្ទចំនួន០២គ្រឿង ម៉ូតូ០១គ្រឿង ម៉ាក់សង់C125ពណ៍ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាក់លេខ កំពង់ចាម 1R-9023។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីបន្ត៕






