ភ្លេីងឆេះព្រៃ បន្តវាយប្រហារប្រទេសក្រិក បារាំង និងអេស្ប៉ាញ

(អឺរ៉ុប)៖ គិតត្រឹឹមថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ ភ្លើងឆេះព្រៃដែលជំរុញដោយខ្យល់បក់ខ្លាំង បានឆាបឆេះតំបន់ជាច្រើនក្នុងប្រទេសក្រិក រួមទាំងតំបន់ជិតរដ្ឋធានីអាថែន ខណៈដែលស្ថានភាពភ្លេីងឆេះព្រៃក៏បានវិវត្តទៅជាអាក្រក់ឡើងវិញនៅក្នុងតំបន់មួយចំនួននៃប្រទេសអេស្ប៉ាញ និងបារាំង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រតិបត្តិការពន្លត់ភ្លើងទ្រង់ទ្រាយធំ និងការជម្លៀសប្រជាជនជាបន្ទាន់កំពុងដំណើរការនៅក្នុងប្រទេសក្រិក។ អគ្គិភ័យបានផ្ទុះឡើងនៅទូទាំងប្រទេសក្រិក ដែលជាធម្មតារដូវនេះមិនសូវជាក្តៅ​ និងមានគ្រោះអគ្គិភ័យកើតឡើងតិចតួច។ អាជ្ញាធរក្រិកបានចេញសេចក្តីជូនដំណឹងបន្ទាន់សម្រាប់តំបន់មួយចំនួននាថ្ងៃសៅរ៍នេះ​ ហេីយបានព្រមានអំពីហានិភ័យខ្ពស់បំផុតនៃភ្លើងឆេះព្រៃក្នុងតំបន់ Attica និង Evia។

តាមទូរទស្សន៍ BFM TV នៅប្រទេសបារាំង ករណីភ្លេីងឆេះព្រៃមួយនៅតំបន់ភ្នំ​នៃខេត្ត Var ភាគអាគ្នេយ៍ ដែលគ្រប់គ្រងបានកាលពី ៣ថ្ងៃមុននោះ បានឆាបឆេះឡើងវិញនៅថ្ងៃសុក្រ ដោយរាលដាលលើផ្ទៃដីជាង ១ ០០០ហិកតា ក្នុងរយៈពេលត្រឹមតែ ៦ម៉ោង។ មនុស្សប្រហែល​ ២ ៥០០នាក់ត្រូវបានជម្លៀសខណៈក្រុមពន្លត់អគ្គិភ័យបាននាំកម្លាំងជំនួយបន្ថែម នៅថ្ងៃសៅរ៍នេះ ចំពោះមុខការព្យាករថាខ្យល់នឹងមានបក់បោកខ្លាំងឡើងដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងភ្លេីងឆេះកាន់តែមានភាពស្មុគស្មាញ។

នៅថ្ងៃសៅរ៍ដដែលនេះ អេស្ប៉ាញ ក៏នៅតែបន្តប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃតាមតំបន់មួយចំនួន ពីរថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបញ្ចប់ភាពអាសន្នថ្នាក់ជាតិ ដែលបង្កឡើងដោយអគ្គិភ័យដ៏ធំនៅក្នុងខេត្តនានានៅតំបន់ភាគកណ្តាលប្រទេស។ អាជ្ញាធរបានឱ្យដឹងថា ស្ថានភាពនៅក្នុងខេត្ត Leon ភាគខាងជើងមានសភាពកាន់តែអាក្រក់៕

You might also like