ហេតុការណ៍សម្រុកឆ្លងព្រំដែនចូលអេស្ប៉ាញដោយជនចំណាកស្រុក បានបញ្ឈប់ទៅវិញបន្ទាប់ពីមានមនុស្សស្លាប់ ប៉ូលិសអេស្ប៉ាញដំឡេីងរនាំងការពារ

(Ceuta)៖ ប្រទេសអេស្ប៉ាញ បានឱ្យដឹងថា ការឆ្លងចូលមកពីសំណាក់ជនអន្តោប្រវេសន៍ទៅក្នុងទីក្រុង Ceuta ដែលជាទឹកដីរបស់ខ្លួននៅអាហ្វ្រិកខាងជើង បានបញ្ឈប់អំឡុងពេលយប់ ខណៈប៉ូលិសចាប់ផ្តើមដំឡើងរនាំងអណ្តែតទឹកត្រង់តំបន់ព្រំដែនជាប់ប្រទេសម៉ារ៉ុក ក្រោយហេតុការណ៍សម្រុុកចូលមកបណ្តាលឱ្យមនុស្ស ៦៧នាក់ស្លាប់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦។

យោងតាមអាជ្ញាធរអេស្ប៉ាញ មនុស្សប្រហែល ៥០ ០០០ នាក់បានឆ្លងចូលទៅក្នុងទីក្រុង Ceuta ទាំងតាមផ្លូវគោក និងផ្លូវសមុទ្រ ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ក្នុងលំហូរដ៏ច្រើនលើសលប់មិនធ្លាប់មាន។ មនុស្សជាង ៤៨ ០០០នាក់បានត្រឡប់ទៅម៉ារ៉ុកវិញ ក្នុងរយៈពេល ៤៨ម៉ោង ដោយគ្មានហេតុការណ៍ធ្ងន់ធ្ងរណាមួយកើតឡើងទេ។ ទាហាន និងប៉ូលិសកំពុងល្បាតនៅឆ្នេរ Tarajal ដែលស្ទើរតែគ្មានមនុស្ស។

រដ្ឋាភិបាលអេស្ប៉ាញ បានឱ្យដឹងថា ប៉ូលិស Civil Guard បានដាក់រនាំងលើទំនប់ការពាររលកនៃឆ្នេរ Tarajal ជាចំណុចមួយដែលត្រូវបានប្រើប្រាស់ដោយអ្នកព្យាយាមចូលទៅក្នុងទឹកដីដ៏តូចរបស់អេស្ប៉ាញមួយនេះ។

សាកសពមនុស្ស ៦៧នាក់ត្រូវបានរកឃើញនៅព្រំដែនផ្នែកខាងទឹកដីអេស្ប៉ាញ បន្ទាប់ពីជនចំណាកស្រុកមួយចំនួនបានលង់ទឹកស្លាប់ រីឯអ្នកខ្លះទៀតកិនសង្កត់គ្នាស្លាប់ ពេលដែលពួកគេព្យាយាមឡើងលើទំនប់ការពាររលកសមុទ្រ និងរបងព្រំដែន។ ពួកគេត្រូវបានជំរុញដោយការលំបាកផ្នែកសេដ្ឋកិច្ច និងពាក្យចរចាមអារ៉ាមលេីបណ្តាញ។

គួរបញ្ជាក់ថា ទីក្រុង Ceuta និង Melilla ជាទឹកដីរបស់អេស្ប៉ាញមួយទៀតនៅតំបន់អាហ្វ្រិកខាងជើង ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រមេឌីទេរ៉េណេរបស់ប្រទេសម៉ារ៉ុក ហើយជារឿយៗតែងតែប្រឈមមុខនឹងការប៉ុនប៉ងឆ្លងចូលពីសំណាក់ជនចំណាកស្រុកដែលព្យាយាមធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប៕

You might also like