កញ្ញា គួច អេឡែន កូនខ្មែរដំបូងគេបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ពីសកលវិទ្យាល័យ Cambridge នៅចក្រភពអង់គ្លេស លើជំនាញច្បាប់ពាណិជ្ជកម្ម
(ភ្នំពេញ)៖ កញ្ញា គួច អេឡែន (Helene Kouch) ជានិសិត្សខ្មែរដំបូងគេ ដែលបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ ពីសកលវិទ្យាល័យ Cambridge នៅចក្រភពអង់គ្លេសលើជំនាញច្បាប់ពាណិជ្ជកម្ម ។
សកលវិទ្យាល័យ Cambridge បានបង្កើតឡើងនៅឆ្នាំ ១២០៩ ដែលមានអាយុកាល ៨១៧ឆ្នាំកន្លងមកហើយនិងជាសកលវិទ្យាល័យដែលមានចំណាត់ថ្នាក់លេខ១នៅចក្រភពអង់គ្លេស និង លេខ៣នៅលើពិភពលោក។
ការជ្រើសរើសសិស្សអន្តរជាតិអោយចូលរៀននៅសកលវិទ្យាល័យ Cambridge គឺមានការប្រកួតប្រជែង និងសម្រិតសម្រាំងយ៉ាងតឹងរឹង មុននឹងសម្រេចអោយចូលសិក្សារបស់និស្សិតអន្តរជាតិនៅសកលវិទ្យាល័យនេះ ។
មុនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ កញ្ញាក៏ជានិស្សិតឆ្នើមថ្នាក់បរិញ្ញាបត្រច្បាប់នៅសកលវិទ្យាល័យ Manchester នៃចក្រភពអង់គ្លេស ដោយទទួលបានពិន្ទុខ្ពស់។
កញ្ញាក៏ធ្លាប់ជាទូតសុឆន្ទះនៃសកលវិទ្យាល័យ Manchester ក្នុងឆ្នាំ២០២៣ព្រមទាំងទទួលបានលិខិតសរសើរ “Volunteer of the Year Award” ដែលទទួលស្គាល់ពីការងារសង្គមរបស់កញ្ញានាឆ្នាំ២០២៥ ផងដែរ។
សូមបញ្ជាក់ថា មុនមកសិក្សានៅចក្រភពអង់គ្លេស កញ្ញាក៏ធ្លាប់បានជាប់អាហារូបករណ៍មួយចំនួននៅសកលវិទ្យាល័យល្បីៗដូចជា MGIMO (រុស្សី), Chulalongkorn (សៀម), និង Queen’s University Belfast (អង់គ្លេស) ផងដែរ។
ក្រៅពីការសិក្សា កញ្ញាក៏ជាអតីតអនុប្រធានសមាគមន៍និស្សិតខ្មែរនៅចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០២៤-២០២៥។ កំឡុងពេលសិក្សានៅសកលវិទ្យាល័យ Cambridge កញ្ញាបានឆ្លៀតចងក្រងអត្តបទស្រាវជ្រាវជាមួយនិស្សិតអន្តរជាតិដ៏ទៃទៀត លើប្រធានបទ “Civilian Protection and Cyberwarfare” ដែលនឹងចុះផ្សាយនាពេលខាងមុខនេះ។
កញ្ញាធ្លាប់បានចូលរួមធ្វើបទបង្ហាញពីបទពិសោធន៍នៃការសិក្សាផ្ទាល់ខ្លួន ជូនគណប្រតិភូក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាដែលបានមកទស្សនកិច្ចនៅសកលវិទ្យាល័យនេះ។
ក្រោយការបញ្ចប់ការសិក្សានេះ កញ្ញាមានគោលបំណង យកចំណេះដឹងពីការសិក្សា និងបទពិសោធន៍ការងារដើម្បីចូលរួមក្នុងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕






