ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋអាសាំប្រទេសឥណ្ឌា កើនឡើងដល់ជាង ៨០នាក់
មន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដែលកំពុងបន្តកើតមាននៅក្នុងរដ្ឋអាសាំ (Assam) ភាគឦសាននៃប្រទេសឥណ្ឌាបានកើនឡើងដល់ ៨២ នាក់ ដោយមានមនុស្សពីរនាក់នៅតែបាត់ខ្លួន។
យោងតាមលោក Himanta Biswa Sarma អភិបាលរដ្ឋអាសាំ ស្រុក Sivasagar បានរាយការណ៍ថាមានអ្នកស្លាប់ច្រើនជាងគេចំនួន ៤២ នាក់ បន្ទាប់មកគឺស្រុក Charaideo ដែលមានអ្នកស្លាប់ចំនួន២១នាក់ និងស្រុក Jorhat មានអ្នកស្លាប់ ៩ នាក់។
យោងតាមលោក Sarma ទឹកជំនន់បានវាយប្រហារភូមិចំនួន ២.២៥១ ដែលប៉ះពាល់ដល់ប្រជាជនជាង ១,១ លាននាក់នៅក្នុងរដ្ឋនេះ។ ទឹកជំនន់បានបំផ្លាញផ្ទះសម្បែងចំនួន ២.៥៣០ ខ្នងទាំងស្រុង និងផ្ទះចំនួន ៩.៦៦៨ ខ្នងផ្សេងទៀត បានរងការខូចខាតដោយផ្នែក។
ក្រុមអាជ្ញាធរបានបង្កើតជំរំសង្គ្រោះបណ្ដោះអាសន្នចំនួន ២១៨ កន្លែងដែលមនុស្ស ៧១.៨៨៩ នាក់បានជ្រកកោន។ ក្រៅពីនេះ មជ្ឈមណ្ឌលចែកចាយជំនួយសង្គ្រោះចំនួន ១.៨១១ ត្រូវបានបើកនៅក្នុងស្រុកដែលរងផលប៉ះពាល់។
ដោយឡែកមនុស្សយ៉ាងហោចណាស់២នាក់ បានស្លាប់និង៨នាក់បានរងរបួសបន្ទាប់ពីទឹកជំនន់និងបំណាក់ដី វាយប្រហារស្រុក Idukki នៃរដ្ឋ Kerala ភាគខាងត្បូងរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ទី១ខែសីហា៕






