ភ្លើងឆេះនាវាចម្លងនៅឥណ្ឌូណេស៊ី សម្លាប់មនុស្ស ៥នាក់ និង ៤១នាក់បាត់ខ្លួន
(ហ្សាកាតា)៖ ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះឥណ្ឌូណេស៊ី បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ ៥នាក់បានបាត់បង់ជីវិត និង ៤១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីនាវាចម្លងមួយគ្រឿងបានឆាបឆេះនៅក្បែរកោះ Madura របស់ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមទិន្នន័យរបស់ទីភ្នាក់ងារ នាវាចម្លងនោះមានផ្ទុកអ្នកដំណើរ និងនាវិកសរុបចំនួន ២៧១នាក់ ដែលក្នុងនោះមានមនុស្ស ២២៥នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព គិតត្រឹមរសៀលថ្ងៃអាទិត្យ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នកបាត់ខ្លួនកំពុងតែបន្តយ៉ាងសកម្ម។
គួរបញ្ជាក់ថា ពេលកើតហេតុនាវាចម្លងនោះ កំពុងធ្វើដំណើរពីទីក្រុង Surabaya ក្នុងខេត្តជ្វាខាងកើត (East Java) ឆ្ពោះទៅកាន់ទីក្រុង Makassar ក្នុងខេត្តស៊ូឡាវេស៊ីខាងត្បូង (South Sulawesi)។ មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះនាវានៅព្រឹកថ្ងៃអាទិត្យនោះនៅឡើយទេ៕






