អភិបាលខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យករណីប្រតិបត្តិការបង្ក្រាបសំបុកគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យ ១៧នាក់ និងវត្ថុតាង

ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកម្លាំងសមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងប្រតិបត្តិការបង្ក្រាបក្រុមជនល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនទាំងសំបុក ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវសុខសុវត្ថិភាព និងភាពសុខសាន្ត។
ក្នុងឱកាសចុះត្រួតពិនិត្យប្រតិបត្តិការនេះ ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍បញ្ជាក់ថា ករណីបង្ក្រាបបទល្មើសគ្រឿងញៀននេះ គឺជាករណីប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ តែទោះជាយ៉ាងណាក៏ដោយ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត បានខិតខំពុះពារ និងធ្វើការបង្ក្រាបជាបន្តបន្ទាប់ដោយបញ្ចប់នូវភារកិច្ចនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
ទន្ទឹមនឹងនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានបកស្រាយបំភ្លឺ និងអំពាវនាវដល់ម្ចាស់គណនី Facebook មួយចំនួន ដែលបានបង្ហោះព័ត៌មានថាជាករណី «ប្លន់ម៉ូតូ» កាលពីម្សិលមិញនោះ ដោយឯកឧត្តមបានបញ្ជាក់ថា នេះមិនមែនជាករណីប្លន់ទ្រព្យសម្បត្តិដូចការយល់ច្រឡំឡើយ ប៉ុន្តែវាជាប្រតិបត្តិការសមត្ថកិច្ចចុះបង្ក្រាបជនល្មើសគ្រឿងញៀន។ ក្នុងអំឡុងពេលបង្ក្រាបនោះ ជនល្មើសម្នាក់មានអាវុធក្នុងដៃ បានធ្វើសកម្មភាពតដៃជាមួយសមត្ថកិច្ច និងបានភ្ជង់យកម៉ូតូពីប្រជាពលរដ្ឋជាកម្មករ រួចបន្តយកម៉ូតូពីប្រជាពលរដ្ឋម្នាក់ទៀតដើម្បីជិះគេចខ្លួន ប៉ុន្តែនៅព្រឹកនេះ សមត្ថកិច្ចបានស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យបានរួចរាល់ហើយ។ ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋជួយលុបអត្ថបទភាន់ច្រឡំទាំងនោះចេញដើម្បីកុំឱ្យសាធារណជនយល់ច្រឡំ។
ផ្អែកតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ប្រតិបត្តិការក្តៅគគុកនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញបានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ៥ គោលដៅផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ១៧ នាក់ (ស្រី ៣ នាក់)។
លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង និងអធិការដ្ឋាននគរបាលស្រុកសៀមបូក បង្ក្រាបបានជនល្មើសសរុប ១៦ នាក់ (ក្នុងនោះមានករណីជនសង្ស័យប្រើប្រាស់អាវុធផ្ទុះអាវុធតដៃ ១នាក់) និងករណីចាប់តាមដីកាបញ្ជាឱ្យនាំខ្លួនចំនួន ១ នាក់។
លោកស្នងការ បានបន្តថា ក្រុមនគរបាលខេត្តចុះបង្ក្រាបក្នុងករណីនេះ គឺមិនខ្លាច និងប្រឈមមុខនឹងគ្រោះថ្នាក់ឡើយ អ្វីដែលសំខាន់ គឺចុះបង្ក្រាបឱ្យខានតែបានលើគ្រប់បទល្មើស ដើម្បីរក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
គូសបញ្ជាក់ផងដែរថា ក្នុងឱកាសចុះត្រួតពិនិត្យនោះ ម៉ូតូដែលជនល្មើសបានភ្ជង់យកទៅកាលពីម្សិលមិញ ត្រូវបាន ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង អញ្ជើញប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះជាម្សាស់ដើមវិញរួចរាល់ហើយ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅជាទីបំផុត៕
You might also like