សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារលិខិតជូនពរសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦

(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។
សារលិខិតរបស់សម្តេចមហាមន្ត្រី គុយ សុផល មានខ្លឹមសារដូចតទៅ៖ «នៅក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល នៃខួបចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាសេនាបតី តេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង ខ្ញុំបាទសូមសម្តែងនូវ មនោសញ្ចេតនាគោរពដឹងគុណដ៏ជ្រាលជ្រៅ និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ជាទីបំផុត នឹងសូមគោរពជូនពរ បវរមហាប្រសើរ ជូន សម្តេចអគ្គមហាសេនាបតីតេជោ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញា ញាណភ្លឺថ្លា កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន ជឿនលឿនទៅមុខបន្តទៀត។
ខ្ញុំបាទសូមគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់ជាទីបំផុត ជូន សម្តេចអគ្គមហាសេនាបតីតេជោ ដែលមាន វីរភាពដ៏ឧត្តុង្គឧត្តម ក្នុងភារកិច្ចជាអគ្គមគ្គទេសក៍ដ៏ឆ្នើមជាទីបំផុត ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការដឹកនាំកសាង ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ព្រមទាំងជួយ ប្រជាជនគ្រប់ទីកន្លែង ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាព សាមគ្គីភាពជាតិជាធ្លុងមួយ និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាក អន្តរជាតិ ទទួលបានលទ្ធផលដ៏ល្អប្រសើរ និងជោគជ័យយ៉ាងត្រចះត្រចង់។ ជាពិសេស ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ក្នុងពេលព្រះរាជអវត្តមានព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ បានទទួលជួយកិច្ចការដ៏ឧត្តុង្គឧត្តមជាច្រើនក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៀត សម្តេចអគ្គមហាសេនាបតីតេជោ បាននិងកំពុងដឹកនាំ ព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវស្នាដៃធំៗជាច្រើន ជូនជាតិមាតុភូមិ ជាពិសេសទទួលបាននូវការកោតសរសើរ និងមាន់កិត្តិនាមល្បីសុសសាយទាំងនៅលើ ឆាកជាតិ និងអន្តរជាតិ។
នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះដែរ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហា ប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

You might also like