បុរសជាអ្នកអូសរទេះអេតចាយម្នាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ករណីគ្រោះថ្នាក់ចរាចរណ៍បុករត់

ភ្នំពេញ ៖ បុរសជាអ្នកអូសរទេះអេតចាយម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុករត់ ដែលបង្កឡើងដោយរថយន្តមួយគ្រឿង នៅចំណុចមុខផ្សារទំនើប Lucky ក្រុងតាខ្មៅ កាលពីយប់ម្សិលមិញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បន្ទាប់ពីបង្កហេតុបុកជនរងគ្រោះដល់ស្លាប់ហើយ អ្នកបើកបររថយន្តបង្កមិនបានឈប់ដើម្បីទទួលខុសត្រូវនោះទេ គឺបានព្យាយាមបើករត់គេចរហូតទៅដល់មុខកីឡដ្ឋានខេត្តកណ្ដាល ទើបឈប់រថយន្តចោល រួចចុះរត់គេចខ្លួនបាត់ស្រមោល។
ទោះជាជនបង្ករត់គេចខ្លួនក្តី ប៉ុន្តែរថយន្តបន្សល់ទុកគឺមានស្លាកលេខច្បាស់ៗ ដែលមហាជនកំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ច ថានឹងធ្វើការស្រាវជ្រាវវែកមុខជនសង្ស័យតាមរបៀបណា។

សូមរំលឹកផងដែរថា សម្ដេចធិបតីធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ៗរួចហើយថា ករណីបើកបរបុកមនុស្សស្លាប់ គឺត្រូវតែទទួលទោសតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនអាចត្រឹមតែការសម្របសម្រួលដោះស្រាយសំណង ដើម្បីបញ្ចប់រឿងបាននោះឡើយ។

You might also like