ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីយកគណនីធនាគាររបស់ខ្លួន ទៅឱ្យជនអនាមិកជួល ប្រើប្រាស់ជាថ្នូរនឹងប្រាក់កម្រៃ រួចត្រូវគេយកទៅប្រព្រឹត្តបទល្មើសឆបោក
ភ្នំពេញ ៖ កម្លាំងជំនាញបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីយកគណនីធនាគាររបស់ខ្លួន ទៅឱ្យជនអនាមិកជួល ប្រើប្រាស់ជាថ្នូរនឹងប្រាក់កម្រៃ រួចត្រូវគេយកទៅប្រព្រឹត្តបទល្មើសឆបោក ។ នេះបើយោងតាមផេកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រកាសនាថ្ងៃទី២ ខែសីហានេះ ។
យោងតាមបញ្ជាដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តកណ្តាល បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០១រូប ឈ្មោះ ច.ស.ក ភេទប្រុស ជនជាតិខ្មែរ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា ជនសង្ស័យបានយកគណនីធនាគាររបស់ខ្លួន ទៅឱ្យជនអនាមិកជួល ឬប្រើប្រាស់ ជាថ្នូរនឹងប្រាក់កម្រៃ ហើយជនអនាមិកនោះបានយកគណនីនេះទៅប្រើប្រាស់ក្នុងការលួចគ្រប់គ្រងក្លែងបន្លំ Telegram ដើម្បីឆបោកប្រាក់ពីជនរងគ្រោះតាមប្រព័ន្ធធនាគារ ។
នាយកដ្ឋាន សូមដាស់តឿនដល់សាធារណជន និងសិស្ស-និស្សិត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សាយពាណិជ្ជកម្មផ្ដល់ការងារតាមបណ្ដាញសង្គមគ្មានប្រភពច្បាស់លាស់ និងហាមដាច់ខាតការឱ្យខ្ចី ជួល ឬលក់គណនីធនាគារ និងអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួនទៅឱ្យអ្នកដទៃ ដែលអាចនាំឱ្យក្លាយជាឧបករណ៍ល្មើសច្បាប់ និងត្រូវទទួលទោសទណ្ឌតាមផ្លូវច្បាប់ ៕






