ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ និងប្រគល់-ទទួលការងារគម្រោងការពារច្រាំងទន្លេ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តកំពង់ចាម
ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដែលរួមមានមន្ត្រីមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ចុះពិនិត្យ វាយតម្លៃលទ្ធផលការងារ និងប្រគល់-ទទួលលើគម្រោងការពារច្រាំងទន្លេបាសាក់ ស្ថិតក្នុងខេត្តកណ្តាល និងគម្រោងការពារច្រាំងព្រែកកុយ ស្ថិតក្នុងខេត្តកំពង់ចាម។
នាឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានចុះពិនិត្យគម្រោងចំនួនពីរ រួមមាន៖ ១. គម្រោងការពារច្រាំងទន្លេបាសាក់ ប្រវែង ៥០០ម៉ែត្រ ស្ថិតនៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល សម្រេចបាន ១០០%។ ២. គម្រោងការពារច្រាំងព្រែកកុយ ប្រវែង ៤៦៥ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម សម្រេចបាន ១០០%។
សូមជម្រាបជូនថា សំណង់ការពារច្រាំងទាំងពីរនេះ ត្រូវបានសាងសង់ឡើងយ៉ាងរឹងមាំ ដោយបានអនុវត្តតាមបច្ចេកទេសទំនើប រួមមាន ការប្រើប្រាស់សំណាញ់ថ្ម (Gabion Box) និងបេតុង ដែលធានាបាននូវគុណភាព ភាពរឹងមាំ និងសោភ័ណភាព ស្របតាមនិរន្តរភាពយូរអង្វែង ដើម្បីផ្ដល់ជាប្រយោជន៍ដល់សាធារណជន។
ក្រោយចុះពិនិត្យការដ្ឋានផ្ទាល់ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ដែលបានអនុវត្តគម្រោងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ ដំណើរការនេះទទួលបានការសហការល្អពីអាជ្ញាធរ និងការអបអរសាទរពីប្រជាពលរដ្ឋ។ ជាមួយគ្នានោះដែរ ឯកឧត្តមបានផ្ដាំផ្ញើឱ្យអាជ្ញាធរមូលដ្ឋានបន្តអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យជួយថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងសង្គមក្នុងមូលដ្ឋាន៕






