ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា
(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Aleksandra Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ជាកិច្ចចាប់ផ្តើម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរលោកជំទាវ Aleksandra Zittle ដែលបានមកបំពេញបេសកកម្មការទូតជាលើកទីពីរនៅកម្ពុជា។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានអបអរសាទរចំពោះការរៀបចំពិធីរំលឹកខួបលើកទី២៥០ ឆ្នាំ នៃទិវាឯករាជ្យជាតិសហរដ្ឋអាម៉េរិក ប្រកបដោយជោគជ័យ កាលពីថ្ងៃទី១ ខែកក្កដា កន្លងមកនេះ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ដោយផ្អែកលើបទពិសោធរបស់អាម៉េរិកកាលពី ២៥០ឆ្នាំមុន គឺការកសាងជាតិមួយឱ្យរឹងមាំ មិនអាចពឹងផ្អែកតែទៅលើកត្តាប្រវត្តិសាស្ត្រនិងវប្បធម៌នោះទេ ប៉ុន្តែក៏ត្រូវផ្អែកលើគុណតម្លៃរួមមួយចំនួនផងដែរ។ ជាក់ស្តែង ដូចករណីសិង្ហបុរី ដែលជាប្រទេសតូច និងគ្មានប្រវត្តិសាស្ត្រនិងវប្បធម៌រួមគ្នា ប៉ុន្តែពឹងផ្អែកលើការចែករំលែកនូវគុណតម្លៃរួម ដោយចាប់ផ្តើមពីក្រុមតូច ហើយក្លាយជាគុណតម្លៃរួម និងវេញត្របាញ់គ្នាជាធ្លុងមួយដ៏រឹងមាំក្នុងសង្គមទាំងមូលតែម្តង។ កម្ពុជាដែលមានប្រវត្តិសាស្រ្តជាង២ពាន់ឆ្នាំ ក៏អាចរៀនសូត្រពីមេរៀនបទពិសោធនេះ នៅក្នុងដំណើរការនៃការកសាងជាតិរបស់ខ្លួន ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក៏ដូចជាការកសាងជាតិកម្ពុជាឱ្យបានរឹងមាំសម្រាប់រយៈពេល ១០០ ឆ្នាំទៅមុខទៀត។
លោកស្រី Aleksandra Zittle បានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយបានលើកឡើងថា លោកជំទាវពិតជាមានក្តីសោមនស្សរីករាយដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ជាលើកទីពីរ។ លោកជំទាវបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ។
លោកស្រី Aleksandra Zittle បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏លេចធ្លោក្នុងវិស័យអាកាសចរណ៍ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកចំហជើងមេឃ (Open Skies Agreement) និងការចូលជារដ្ឋសមាជិកនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត (Cape Town Convention) របស់កម្ពុជា។
ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក៏បានលើកឡើងអំពីចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) ដ៏ធំបំផុតមិនធ្លាប់មាននាពេលថ្មីៗនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងសក្តានុពលរបស់កម្ពុជាដែលជាគោលដៅវិនិយោគរបស់វិនិយោគិនអាម៉េរិក។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះសម្ទុះវិវត្តជាវិជ្ជមាននៃទំនាក់ទំនង មិត្តភាពរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ក៏ដូចជាវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលកន្លងមក ពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ មានការកើនឡើងគួរឱ្យកត់សម្គាល់។ សហរដ្ឋអាម៉េរិក មិនត្រឹមតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែទេសចរអាម៉េរិក ក៏ស្ថិតក្នុងចំណោមក្រុមភ្ញៀវទេសចរលំដាប់ខ្ពស់ (Top list) ដែលបានមកលេងកម្សាន្តនៅកម្ពុជាផងដែរ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានកត់សម្គាល់នូវតួនាទី និងការចូលរួមយ៉ាងសកម្មរបស់សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) និង USABC ដោយសង្កត់ធ្ងន់ថា វត្តមានរបស់ក្រុមហ៊ុនអាម៉េរិក ពិតជាបានរួមចំណែកក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសការជួយពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scams) ឱ្យអស់ពីកម្ពុជា ដោយមិនបន្ធូរដៃ ព្រោះរាជរដ្ឋាភិបាលកម្ពុជាមិនបានទទួលផលប្រយោជន៍អ្វីពី Online Scams នេះឡើយ ប៉ុន្តែវាបានបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សង្គមជាតិ និងជាពិសេសធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេស។ ក៏ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងនេះ ទាមទារការចូលរួមពីប្រទេសដៃគូ និងសហគមន៍អន្តរជាតិ។
ទន្ទឹមនេះ ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ, ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ជំហរឥតងាករេរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហានេះ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ហើយកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដោយប្រើប្រាស់កម្លាំង។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ និងលើកទឹកចិត្តភាគីពាក់ព័ន្ធបន្តអនុវត្តបទឈប់បាញ់។
ក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល ថាមពល សន្តិសុខ និងការពារជាតិ ហើយក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួមរបស់ប្រទេសទាំងពីរផងដែរ។ ភាគីទាំងពីរ បានគូសបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយឈរលើគោលការណ៍នៃផលប្រយោជន៍រួម ការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕





