កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យរដ្ឋបាលតាមអគារស្នាក់នៅចំនួន៣ទីតាំង នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ នៅថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តចុះធ្វើរដ្ឋបាលតាមអគារស្នាក់នៅចំនួន ៣ទីតាំង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន និងលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង តំណាងលោក កើត វណ្ណារ៉េត។
គោលបំណងសំខាន់នៃការចុះត្រួតពិនិត្យនេះ គឺដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសការយកទីតាំងស្នាក់នៅប្រមូលផ្តុំដោយខុសច្បាប់របស់ជនបរទេស ដើម្បីប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កម្លាំងចម្រុះដែលបានចូលរួមសហការរួមមាន ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត។
ក្នុងចំណោមទីតាំងទាំង៣ ដែលត្រូវបានចុះត្រួតពិនិត្យ រួមមាន ផ្ទះវីឡាមួយកន្លែងនៅភូមិផ្សារកណ្តាល ផ្ទះល្វែងមានបន្ទប់ជួលមួយកន្លែងនៅភូមិប្រជាធម្មកេីត និងផ្ទះល្វែងពីរល្វែងនៅភូមិចាន់គីរី។ តាមរយៈការពិនិត្យជាក់ស្តែង ក្រុមការងារមិនបានរកឃើញបទល្មើសនៅទីតាំងណាមួយឡើយ ដោយម្ចាស់ទីតាំងទាំងអស់បានស្នាក់នៅផ្ទាល់ខ្លួន និងបានសហការយ៉ាងល្អជាមួយក្រុមការងារ។
បន្ទាប់ពីការត្រួតពិនិត្យ ក្រុមការងារក៏បានធ្វើការណែនាំដល់ម្ចាស់ទីតាំងទាំងអស់ ឱ្យបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គោរពច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន៕






