កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យ ៩ទីតាំង នៅភូមិសាស្ត្រឃុំត្រពាំងផ្លុង ស្រុកពញាក្រែក រកឃើញជនបរទេស១៣នាក់ តែមានលិខិតឆ្លងដែនត្រឹមត្រូវ

(ត្បូងឃ្មុំ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានបន្តចុះត្រួតពិនិត្យចំនួន ៩ទីតាំង ក្នុងភូមិសាស្ត្រឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដោយរកឃើញជនបរទេសចំនួន ១៣នាក់ ដែលមានលិខិតឆ្លងដែនត្រឹមត្រូវតាមច្បាប់។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (ប្រចាំការខេត្តត្បូងឃ្មុំ) កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យនៅតាមផ្ទះវីឡា ផ្ទះសំណាក់ និងបន្ទប់ជួលចំនួន ០៩ទីតាំង។
ជាលទ្ធផល ទីតាំងចំនួន ០៦ មិនមានជនបរទេសស្នាក់នៅឡើយ រីឯទីតាំងចំនួន ០៣ ទៀតបានរកឃើញជនបរទេសចំនួន ១៣នាក់ (ស្រី ១នាក់) ដែលសុទ្ធតែមានលិខិតឆ្លងដែនត្រឹមត្រូវ។
បច្ចុប្បន្ន កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពុងបន្តចុះស្រាវជ្រាវ ត្រួតពិនិត្យ និងស្វែងរកទីតាំងដែលមានការសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស និងការរស់នៅប្រមូលផ្តុំខុសច្បាប់ នៅក្នុងក្រុង-ស្រុកទាំង០៧ នៃភូមិសាស្ត្រខេត្ត។ ជាមួយគ្នានេះ ក៏បន្តធ្វើការផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់៕

You might also like