យុវសិស្ស ផូ បញ្ញាឫទ្ធិ មកពីសាលារៀនសុវណ្ណភូមិ សាខាខេត្តបន្ទាយមានជ័យ ចែករំលែក បទពិសោធន៍ និងជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនៅឆាកអន្តរជាតិ
(ភ្នំពេញ)៖ យុវសិស្ស ផូ បញ្ញាឫទ្ធិ ជាសិស្សសិក្សានៅថ្នាក់ទី៩ មកពីសាលារៀនសុវណ្ណភូមិ សាខាខេត្តបន្ទាយមានជ័យ បានបង្ហាញសមត្ថភាពដ៏លេចធ្លោរបស់ខ្លួន និងចែករំលែកចំណេះដឹង ខណៈទទួលបានជ័យលាភី និងដណ្ដើមបាននូវមេដាយជាច្រើនក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនៅឆាកអន្តរជាតិជាច្រើន។ ជ័យជម្នះនេះបាននាំមកនូវកិត្តិយសថ្មីមួយទៀតសម្រាប់ខ្លួនឯង គ្រួសារ និងសាខាសិក្សារបស់ខ្លួន។
យុវសិស្ស ផូ បញ្ញាឫទ្ធិ បានសម្រេចលទ្ធផលសរុបយ៉ាងត្រចះត្រចង់ ដោយទទួលបានពានរង្វាន់ចំនួន២, មេដាយមាសចំនួន១, មេដាយសំរឹទ្ធចំនួន ១ និងមេដាយកិត្តិយសចំនួន១។ សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការតស៊ូព្យាយាម និងទេពកោសល្យដ៏ប៉ិនប្រសប់របស់យុវសិស្សរូបនេះ ក្នុងការសិក្សា និងការចូលរួមប្រកួតប្រជែង។
ជ័យលាភីទាំងនេះមិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគំរូដ៏ល្អមួយសម្រាប់សិស្សានុសិស្សដទៃទៀត ក្នុងការបន្តខិតខំរៀនសូត្រ និងអភិវឌ្ឍខ្លួន។
ការទទួលបានពានរង្វាន់ និងមេដាយជាច្រើននេះ គឺជាសក្ខីភាពបញ្ជាក់ពីគុណភាពនៃការអប់រំ និងការបណ្ដុះបណ្ដាលនៅតាមសាខានានារបស់សាលារៀនសុវណ្ណភូមិ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។ ជ័យជម្នះរបស់យុវសិស្ស ផូ បញ្ញាឫទ្ធិ គឺជាការជំរុញទឹកចិត្តដ៏ធំធេងដល់យុវជនជំនាន់ក្រោយឱ្យបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាពលរដ្ឋដ៏មានតម្លៃសម្រាប់សង្គមជាតិ៕






