ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនប្រជានុរាស្ត្រងាយរងគ្រោះ ៣០០គ្រួសារ មកពី១៣ឃុំ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ ក្រោមព្រះរាជហឬទ័យយកចិត្តទុក្ខដាក់ដោយមិនរំលង ពីសុខទុក្ខរបស់ប្រជានុរាស្ដ្រ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះបរមនាមព្រះអង្គគង់ប្រថាប់ជា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា
ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យជូនកាកបាទក្រហមកម្ពុជាជាប្រចាំ ដើម្បីត្រៀមទុក្ខជាមុនសម្រាប់ការទុកចាត់ចែងជួយដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុត តាមរយៈសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ដូច្នេះដោយគ្រាន់តែទទួលបានដំណឹងថា ប្រជាពលរដ្ឋយើងចំនួន ៣០០គ្រួសារ ដែលងាយរងគ្រោះបំផុត មកពី ១៤៩ភូមិ ក្នុងឃុំទាំង១៣ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដោយលោកបណ្ឌិត ជាម ចន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ, អនុគណៈកម្មាធិការសាខា, យុវជន អ្នកស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជា រួមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ដែលជាព្រះរាជនូបត្ថម្ភរបស់ព្រះវររាជមាតាជាតិខ្មែរ អំឡុងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទូលថ្វាយរបាយការណ៍សមិទ្ធផលការងារឆ្នាំ២០២៥ និង ៦ខែ ដើមឆ្នាំ២០២៦ របស់កាកបាទក្រហមកម្ពុជាកាលពីពេលថ្មីៗនេះ។ ពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ខាងលើ គឺបានធ្វើឡើងនៅវត្តអម្ពវ័ន្ត (ហៅវត្តស្វាយទាប) ស្ថិតនៅភូមិស្នួល ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។
ក្នុងឱកាសសំណេះសំណាលដោយភាពកក់ក្ដៅ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំយកនូវព្រះរាជសវនីយ៍ សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅជូនចំពោះលោកយាយ លោកតា អ៊ុំ ពូ មីង កូនក្មួយ និងចៅ ជាប្រជាពលរដ្ឋទាំងអស់
។
លោកស្រីបានថ្លែងបន្ដថា «ទោះបីមិនមានព្រះវត្ដមានយាងដោយផ្ទាល់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរដ៏ឧត្តុង្គឧត្តម និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានអញ្ជើញមកដោយផ្ទាល់ តែព្រះរាជហឬទ័យ និងទឹកចិត្ដបេះដូង របស់លោកដ៏ឧត្តុង្គឧត្តមនេះ មិនដែលភ្លេចនោះឡើយ និងចងចាំខ្វល់ខ្វាយជារៀងរហូត ព្រោះលោកតែងតែចាត់ទុក្ខសុខទុក្ខរបស់ប្រជានុរាស្ដ្រ គឺដូចជាសុខទុក្ខរបស់លោកផងដែរ ទំហំនៃគិតគូររបស់លោកពិតជាអាចកាត់ថ្លៃនោះឡើយ»។
ឆ្លៀតក្នុងកិច្ចសំណេះសំណាលដ៏សិទ្ធិស្នាលខាងលើនេះ លោកស្រីអគ្គលេខាធិការ ក៏មិនភ្លេចណែនាំលើកទឹកចិត្ដដល់ប្រជាជនទាំងអស់ផងដែរ ដោយឱ្យត្រូវរក្សាសុខភាពឱ្យបានល្អ តាមរយៈការបរិភោគទឹកស្អាត ដែលដាំបានឆ្អិនល្អ ពិសាបន្លែ ផ្លែ សាច់នៅក្នុងស្រុកភូមិ ហើយត្រូវដំាដំណាំ បន្លែ ផ្លែឈើ នៅក្នុងបរិវេណផ្ទះរបស់ខ្លួន ដើម្បីបង្កើនទាំងចំណូល កាត់បន្ថយទាំងការចំណាយ និងចំណេញដល់សុខភាព ជាមួយបន្លែ ផ្លែឈើធម្មជាតិ ដាំដោយខ្លួនឯង។ លោកស្រីក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំពិសាភេសជ្ជៈផ្អែម (អាហារកែច្នៃ ឬទឹកកំប៉ុង), កុំពិសាគ្រឿងស្រវឹង កុំសេពគ្រឿងញៀន និងកុំជក់បារី ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងភាពអន្ដរាយដល់គ្រួសារ។
ស្ថិតក្នុងមនោសញ្ចេតនា ប្រកបដោយក្ដីសោមនស្សរីករាយនាពេលនេះ ប្រជានុរាស្ត្របានសម្ដែងនូវភាពរីករាយក្រៃលែង និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជហឬទ័យរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងទំហំបេះដូងមនុស្សធម៌របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរដល់សុខទុក្ខរបស់កូនចៅជាប្រជាពលរដ្ឋគ្រប់ៗរូប និងគ្រប់ទីកន្លែង ជាពិសេសបងប្អូនកូនចៅដែលមានជីវភាពខ្វះខាត ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ។ ក្នុងនោះកាកបាទក្រហមកម្ពុជាដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែគិតគូរគ្រប់ច្រកល្ហក ទោះមិនបានអញ្ជើញដោយផ្ទាល់ ក៏លោកតែងបានចាត់សហការី ចុះមកសួរសុខទុក្ខ និងផ្ដល់អំណោយសម្រាលការលំបាកភ្លាមៗ ដោយមិនទុកឱ្យកូនចៅប្រុសស្រី ក្មេង ចាស់ រង់ចាំ និងរងគ្រោះដោយមិនបានជួយសម្រាលទុក្ខលំបាកនោះឡើយ។
ជាសក្ខីភាពបញ្ជាក់ពីការគិតគូរ និងក្តីស្រលាញ់ អាណិតអាសូរពីសំណាក់ថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់ ថ្ងៃនេះកាកបាទក្រហមកម្ពុជា បាននាំយកនូវអំណោយមកចែកជូនដល់ប្រជាជនងាយរងគ្រោះចំនួន ៣០០គ្រួសារខាងលើ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ១យួរ, ប្រេងឆា១ដប ឃីតចំនួន១ និងថវិកាមួយចំនួន ក្នុងនោះក៏មាននូវសារុង ដែលជាព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរផងដែរ។
សូមជម្រាបថាក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក៏បានប្រគេននូវទេយ្យទានជូនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាបស្វាយ រួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី៥កេស, ទឹកត្រី ៥យួរ, ទឹកបរិសុទ្ធ៥កេស, ភេសជ្ជៈ៥កេស ទឹកស៊ីអ៊ីវ ៥យួរ, ត្រីខ៥យួរ, ប្រេងឆា១កេស និងថវិកាមួយចំនួន៕








