ក្រោយកើតរឿងថ្មីប៉ះទេសចរចិន, Sihasak ព្រមានទូតចិន កុំចេញសេចក្តីថ្លែងការណ៍ បង្កការភាន់ច្រឡំ

បន្ទាប់ពីមានហេតុការណ៍កើតឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធជនជាតិចិន នៅប្រទេសថៃ ជាពិសេសរឿងនៅអាកាសយានដ្ឋានសុវណ្ណភូមិ នាពេលចុងក្រោយនេះ ស្រាប់តែ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ Sihasak Phuangketkeow បានព្រមានទៅឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងបាងកក ឲ្យពន្យល់ពីហេតុការណ៍ទាំងអស់ ជាជាងធ្វើសេចក្តីថ្លែងការណ៍ ដែលបង្កការភាន់ច្រឡំ។

ប្រភពព័ត៌មានបានបញ្ជាក់ថា បានដកស្រង់សម្តីលោក Sihasak ដែលថ្លែងនៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ថា ទូតចិន គួរតែពន្យល់អំពីរឿងហេតុចម្រូងចម្រាស ពាក់ព័ន្ធទេសចររបស់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិ ហើយកុំធ្វើសេចក្តីថ្លែងការណ៍ ដែលបង្កជាក្តីបារម្ភដល់សាធារណជន ព្រោះតែវាជាបញ្ហារសើប ដែលតម្រូវឲ្យមានការដោះស្រាយផ្នែកការទូត ទើបល្អ។
ថ្មីៗនេះ ទំនាក់ទំនងថៃ-ចិន ប្រែល្អក់កករ ព្រោះតែកើតរឿងមិនចេះចប់ ជាពិសេសការអនុវត្តវិធីសាស្រ្តធ្ងន់ធ្ងរហួសហេតុ ឈានដល់ការប្រើអំពើហិង្សាលើជនជាតិចិន នៅប្រទេសថៃ។
កាលពីសប្តាហ៍មុន សន្តិសុខថៃ ដែលអាងខ្លួនជាម្ចាស់ប្រទេស បានប្រើហិង្សាលើជនជាតិចិន អំឡុងពេលចូលរួមព្រឹត្តិការណ៍ពិព័រណ៍សៀវភៅមួយ ក្នុងទីក្រុងបាងកក។
ស្ថានទូតចិន ប្រចាំទីក្រុងបាងកក បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យអាជ្ញាធរថៃ បើកការស៊ើបអង្កេតជាបន្ទាន់ ព្រោះនោះគឺជាករណីប្រើហិង្សាជ្រុលហួសហេតុពេក លើពលរដ្ឋខ្លួន។
ប៉ុន្មានថ្ងៃក្រោយមក អ្នកដំណើរចិន ២០នាក់ ត្រូវហាមឡើងជិះយន្តហោះ នៅអាកាសយានដ្ឋានសុវណ្ណភូមិ ហើយសន្តិសុខព្រលាន ថែមទាំងធ្វើកាយវិការ បែបរើសអើងពណ៌សម្បុរទៀតផង។
ទង្វើនេះ បានបង្កឲ្យមានការរិះគន់ និងខឹងសម្បាយ៉ាងខ្លាំង នៅលើបណ្តាញអ៊ិនធើណិត ហើយវាបង្ហាញថា ប្រទេសថៃ អសន្តិសុខ និងមិនរាក់ទាក់ចំពោះទេសចរបរទេស នោះឡើយ៕
ប្រភព៖ Khaosod

You might also like