អាជ្ញាធរខេត្តស្វាយរៀង ចុះធ្វើរដ្ឋបាលចំហត្រួតពិនិត្យ ៤ទីតាំងនៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ៩នាក់ ពាក់ព័ន្ធករណី Online Scam
ស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង សហការជាមួយអាជ្ញាធរក្រុងបាវិត និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះធ្វើរដ្ឋបាលចំហ និងត្រួតពិនិត្យទីតាំងចំនួន ៤កន្លែង នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីស្វែងរក និងបង្ក្រាបការលួចលាក់ស្នាក់នៅ និងសកម្មភាពសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ជាលទ្ធផលនៃប្រតិបត្តិការ សមត្ថកិច្ចបានត្រួតពិនិត្យទីតាំងសរុបចំនួន ៤កន្លែង និងរកឃើញជនបរទេសស្នាក់នៅចំនួន ៣៥នាក់ ក្នុងនោះស្ត្រី ១០នាក់ មាន ២សញ្ជាតិ។ ក្នុងចំណោមនោះ មានជនជាតិវៀតណាមចំនួន ២៧នាក់ (ស្ត្រី ៧នាក់) ដែលមានឯកសារស្នាក់នៅស្របច្បាប់។
ដោយឡែក ពាក់ព័ន្ធនឹងករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៩នាក់ ក្នុងនោះមានស្ត្រី ១នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ដើម្បីធ្វើការស្រាវជ្រាវបន្ថែម។
ជនសង្ស័យទាំង ៩នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់៕






