ឯកឧត្តម សួស យ៉ារ៉ា និងឯកអគ្គរដ្ឋទូតចិន អញ្ជើញចុះសួរសុខទុក្ខ និងចែកសម្ភារសិក្សាជូនសិស្សានុសិស្សនៅខេត្តកំពង់ចាម

(ខេត្តកំពង់ចាម) ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ថ្មីៗនេះបានអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចុះសំណេះសំណាល និងចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា ហ៊ុន សែន សូរគង ស្ថិតក្នុងខេត្តកំពង់ចាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ កុប ម៉ារីយ៉ាស និងឯកឧត្តម សុះ មុះសិន អនុប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ក្រុមការងារលេខាធិការដ្ឋាន ព្រមទាំងសមាជិក សមាជិកាប្រតិភូ «នាវាសន្តិភាពមេគង្គ-ឡានឆាង» លើកទី២ជាច្រើនរូបផ្សេងទៀត។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របគ្នានឹងគម្រោង «នាវាសន្តិភាពមេគង្គ-ឡានឆាង» លើកទី២ ដែលមានគោលបំណងលើកកម្ពស់វិស័យអប់រំ ពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន នៃបណ្តាប្រទេសតាមបណ្តោយដងទន្លេមេគង្គ ចាប់តាំងពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតយុវជន។

ឯកឧត្តម សួស យ៉ារ៉ា បានសម្តែងនូវការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលជូនចំពោះលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឲ្យក្មួយៗខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ដើម្បីប្រែក្លាយខ្លួនជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អ ដើរតួជាទំពាំងស្នងឫស្សីប្រកបដោយសមត្ថភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។

បន្ថែមពីនេះ ឯកឧត្តមបានគូសបញ្ជាក់យ៉ាងច្បាស់ពីសារសំខាន់នៃ «សន្តិភាព» ដែលជាគ្រឹះស្ថានមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កម្ពុជា។

ជាចុងបញ្ចប់ ឯកឧត្តម និងប្រតិភូអមដំណើរ បានប្រគល់ជូននូវសម្ភារសិក្សា រួមមាន៖ សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប ព្រមទាំងសម្ភារមួយចំនួនទៀត ដែលជាអំណោយសប្បុរសធម៌ផ្តល់ជូនដោយអ្នកចូលរួមមកពីបណ្តាប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង ព្រមទាំងបានឧបត្ថម្ភថវិកាលើកទឹកចិត្តមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅជាពន់ពេក៕

You might also like