ព្រានព្រៃបាញ់សម្លាប់ជ្រូកព្រៃ និងឈ្លូស ៣ក្បាល រួចរត់គេចខ្លួន
(មណ្ឌលគិរី)៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា កាលពីថ្ងៃទី ៥ ខែសីហា កម្លាំងស្នាក់ការសត្វព្រៃអូរល្វេ សហការជាមួយស្នាក់ការម្រើច និងស្នាក់ការឈួល នៃដែនជម្រកសត្វព្រៃស្រែពក បានចុះបង្ក្រាបករណីបទល្មើសសត្វព្រៃ នៅចំណុចផ្លូវលេខ១៤ ស្ថិតក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយដកហូតបានសាកសពជ្រូកព្រៃ ១ក្បាល និងឈ្លូស ២ក្បាល។
ដោយឡែកជនសង្ស័យ ២នាក់ បានផ្តួលម៉ូតូចោល រួចរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។ សត្វព្រៃទាំង ៣នេះ ត្រូវបានកម្លាំងជំនាញខាងលើនេះ ដុតបំផ្លាញចោលភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ចំណែកវត្ថុតាងម៉ូតូ ត្រូវបានយកមករក្សាទុកនៅស្នាក់ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






