ពិធីសែនព្រេនដីសាងសង់បង្គោលកង្ហារខ្យល់ ជូនសហគមន៍ជនជាតិដើមភាគតិចស្រែអ៊ី និងសហគមន៍ការពារធនធានធម្មជាតិណាំភុំ (ស្រែអ៊ី) ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ លោក ចាន់ រតនា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមពិធីសែនព្រេនដីសាងសង់បង្គោលកង្ហារខ្យល់ ជូនសហគមន៍ជនជាតិដើមភាគតិចស្រែអ៊ី និងសហគមន៍ការពារធនធានធម្មជាតិណាំភុំ (ស្រែអ៊ី) ដោយមានការចូលរួមពីលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ព្រមទាំងលោក-លោកស្រី ជាអភិបាលរងក្រុង អាជ្ញាធរឃុំ-សង្កាត់ តំណាងសហគមន៍ និងបងប្អូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចយ៉ាងច្រើនកុះករ ស្ថិតនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ការរៀបចំពិធីសែនព្រេន តាមក្បួនខ្នាត និងទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចនាឱកាសនេះ គឺធ្វើឡើងដើម្បីគោរពអញ្ជើញគ្រូអារក្ស អារក្សអ្នកតា និងម្ចាស់ទឹកម្ចាស់ដី ដែលថែរក្សាទឹកដីតំបន់នោះ មកទទួលដឹងឮ ព្រមទាំងបួងសួងសុំសេចក្តីសុខ សេចក្តីសប្បាយ ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ និងសុំឱ្យដំណើរការសាងសង់បង្គោលកង្ហារខ្យល់នេះ ប្រព្រឹត្តទៅដោយរលូន ទទួលបានជោគជ័យ និងសុវត្ថិភាពទាំងស្រុង។\






