សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «ស្វាដោះសំណាញ់!»
(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះអត្ថបទមួយនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច ដោយបង្ហាញចំណាប់អារម្មណ៍ចំពោះការវិភាគរបស់ លោក សុរៈឆាត បំរុងសុខ (Surachart Bamrungsuk) ដែលជាអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ។
អត្ថបទដែលសម្តេចតេជោ ហ៊ុន សែន បានចែករំលែកនោះ មានចំណងជើងថា «ស្វាដោះសំណាញ់!» ខាងក្រោមជាខ្លឹមសារទាំងស្រុង៖
ថ្ងៃនេះជាថ្មីម្តងទៀត ខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក សុរៈឆាត បំរុងសុខ (Surachart Bamrungsuk) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «ស្វាដោះសំណាញ់!»។
ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបនិងយល់ដឹងបន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោកនោះទេ សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖
«ស្វាដោះសំណាញ់!» | លោក សុរៈឆាត បំរុងសុខ
MATI CHON weekly: ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦
ខ្ញុំមិនប្រាកដទេថា ទីបញ្ចប់ទៅបញ្ហាជម្លោះរវាងថៃ និងកម្ពុជាដែលកាន់តែមានភាពស្មុគស្មាញឡើងឥតឈប់ឈរ នឹងត្រូវបានដោះស្រាយដោយរបៀបណា។
ផ្នែកមួយនៃភាពស្មុគស្មាញនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈការដែលភាគីទាំងពីរប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីធ្វើ «សង្គ្រាមពាក្យសម្តី» ឬអាចហៅថា «សង្គ្រាមតាមប្រព័ន្ធផ្សព្វផ្សាយ»។ បើនិយាយតាមភាសាសាមញ្ញ គឺជាការឆ្លើយតប និងជជែកដេញដោលគ្នាទៅវិញទៅមកដោយមិនចេះចប់។
ប្រសិនបើមានចំណុចវិជ្ជមានខ្លះ នោះគឺយ៉ាងហោចណាស់ សង្គ្រាមពាក្យសម្តីនេះ មិនទាន់បានពង្រីកជម្លោះឱ្យក្លាយទៅជា «សង្គ្រាមនៅតាមព្រំដែន» ហើយក៏មិនទាន់បណ្ដាលឱ្យមានការបាត់បង់អាយុជីវិត និងការខូចខាតដូចនៅលើសមរភូមិពិតប្រាកដ ដែលធ្លាប់កើតមានការប្រយុទ្ធទ្រង់ទ្រាយធំពីរលើកក្នុងឆ្នាំ ២០២៥ នោះដែរ។
នៅពេលនេះ គ្មាននរណាម្នាក់ចង់ឃើញសង្គ្រាម និងការបាត់បង់បន្ថែមទៀតកើតឡើងនៅក្នុងឆ្នាំ ២០២៦ ឡើយ។ អ្វីដែលសំខាន់ទៀតនោះ គឺប្រាក់សំណង និងថវិកាជំនួយពីរដ្ឋសម្រាប់អ្នករងផលប៉ះពាល់ ក៏នៅមិនទាន់បានបើកផ្ដល់គ្រប់ចំនួននៅឡើយដែរ!
ប្រសិនបើពិចារណាពី «សង្គ្រាមពាក្យសម្តី» នៅលើ «សមរភូមិប្រព័ន្ធផ្សព្វផ្សាយ» របស់រដ្ឋាភិបាលថៃនាពេលនេះ គេឃើញថា អ្វីដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង គឺជំហររបស់តំណាងរដ្ឋាភិបាលថៃ។ ជាពិសេស ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ បានរងការចោទសួរយ៉ាងច្រើន ទាំងក្នុងន័យគោលការណ៍ និងភាពត្រឹមត្រូវនៃព័ត៌មានដែលបានបង្ហាញ។
ដោយសារតែ ការស្វែងរកជោគជ័យនៅលើវេទិកាអន្តរជាតិ ទាមទារឱ្យរដ្ឋាភិបាលថៃផ្អែកលើហេតុផល និងភស្តុតាងឱ្យបានច្រើនជាជាងការលើកឡើងនូវអ្វីដែល ក្រុមជាតិនិយមជ្រុលនិយមចង់ឮ។ ប៉ុន្តែ តាមការពិត ហាក់ដូចជារដ្ឋាភិបាលថៃផ្តល់អាទិភាពដល់នយោបាយក្នុងស្រុកជាចម្បង រហូតធ្វើឱ្យមានការរិះគន់ថា ការដោះស្រាយបញ្ហានេះប្រៀបបាននឹង «ស្វាដោះសំណាញ់» ។
ការដោះស្រាយបញ្ហាអន្តរជាតិ ដោយយកទិសដៅនយោបាយក្នុងស្រុកជាគោល អាចនឹងមិនជួយឱ្យថៃទទួលបានប្រៀបនៅលើវេទិកាអន្តរជាតិឡើយ ហើយផ្ទុយទៅវិញ អាចធ្វើឱ្យប្រទេសថៃប្រឈមនឹងការបាត់បង់ប្រៀប និងជួបការលំបាកកាន់តែខ្លាំងថែមទៀត។ត។
ចំណុចសង្កតសភាព «ស្វាដោះសំណាញ់» លើកចុងក្រោយ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសេចក្ដីថ្លែងការណ៍របស់លោក ស៊ីហាស័ក្ដិ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ កាលពីថ្ងៃទី០៥ ខែសីហា ដែលធ្វើឱ្យខ្ញុំត្រូវលើកយកមកធ្វើជាប្រធានបទក្នុងអត្ថបទនេះ ដូចខាងក្រោម៖
១៖ រដ្ឋាភិបាលថៃនឹងបន្តប្រកាន់យកផែនទីខ្នាត ១:៥០ ០០០ ខណៈរដ្ឋាភិបាលកម្ពុជាបានស្នើឱ្យអង្គការសហប្រជាជាតិទទួលស្គាល់ផែនទីខ្នាត ១:២០០ ០០០៖ សេចក្ដីថ្លែងការណ៍លើចំណុចនេះគួរឱ្យភ្ញាក់ផ្អើល ព្រោះបញ្ហានេះត្រូវបានពិភាក្សាយ៉ាងច្រើនក្នុងសង្គមថៃ ហើយត្រូវបានទទួលស្គាល់រួចហើយថា ផែនទីយោធាខ្នាត ១:៥០ ០០០ មិនអាចយកទៅប្រើជាមូលដ្ឋានតស៊ូផ្លូវច្បាប់អន្តរជាតិបានឡើយ។
២៖ ចំណុចសំខាន់មួយទៀតពាក់ព័ន្ធនឹងផែនទី គឺនៅគែមផែនទីមានការបញ្ជាក់យ៉ាងច្បាស់ថា មិនអាចយកទៅបើជាឯកសារយោងសម្រាប់ខ្សែព្រំដែនបានទេ។ ខ្ញុំជឿថា លោកនាយករដ្ឋមន្ត្រី និងលោកឧបនាយករដ្ឋមន្ត្រីអាចស្នើសុំផែនទីយោធាមកពិនិត្យដោយផ្ទាល់បាន។
៣៖ រដ្ឋាភិបាលថៃ និងមន្ត្រីពាក់ព័ន្ធប្រាកដជាដឹងច្បាស់ថា ផែនទីកំណត់ព្រំដែនខ្នាត ១:២០០ ០០០ ត្រូវបានប្រើសម្រាប់ទាំងព្រំដែនថៃ-ឡាវ និងថៃ-កម្ពុជា ក្នុងពេលដំណាលគ្នា។ ដូច្នេះនៅក្នុងការអនុវត្តជាក់ស្តែង វាមិនអាចទៅរួចទេ ដែលខ្សែព្រំដែនថៃ-កម្ពុជាប្រើផែនទីយោធាខ្នាត ១ : ៥០ ០០០ ប៉ុន្តែខ្សែព្រំដែនថៃ-ឡាវបែរជាប្រើផែនទីកំណត់ព្រំដែនខ្នាត ១:២០០ ០០០។
៤៖ ក្រៅពីអគ្គនាយកដ្ឋានផែនទីយោធា អគ្គនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់អន្តរជាតិក៏ដឹងយ៉ាងច្បាស់ថា ផែនទីណាមួយត្រូវបានប្រើប្រាស់ក្នុងផ្លូវច្បាប់អន្តរជាតិ។ ប្រសិនបើលោកនាយករដ្ឋមន្ត្រី និងលោកឧបនាយករដ្ឋមន្ត្រីមិនមានទំនុកចិត្ត ពួកលោកអាចសាកសួរដោយផ្ទាល់ពីស្ថាប័នទាំងពីរ ជាពិសេសអគ្គនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដែលជាអង្គភាពទទួលបន្ទុកដោយផ្ទាល់របស់ក្រសួងការបរទេសថៃ។ ដូចគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីអាចកោះហៅអគ្គនាយក នៃអគ្គនាយកដ្ឋានផែនទីយោធា មកផ្ទៀងផ្ទាត់ភាពត្រឹមត្រូវពាក់ព័ន្ធនឹងផែនទីបាន។
៥៖ អត្ថបទនេះ មិនមានបំណងអំពាវនាវឱ្យមន្ត្រីរាជការអាជីពចេញមកបកស្រាយជាសាធារណៈអំពីភាពត្រឹមត្រូវនៃព័ត៌មានឡើយ ព្រោះការពិតទាំងនោះអាចផ្ទុយនឹង ជំហររបស់រដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ អ្នកនិពន្ធចង់ឃើញ «ភាពក្លាហានខាងសីលធម៌» របស់អគ្គនាយកនៃនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់ ដែលហ៊ាន «ខ្សឹបប្រាប់» រដ្ឋមន្ត្រីការបរទេសអំពីព័ត៌មានដែលត្រឹមត្រូវ ព្រោះពួកគេសុទ្ធតែស្ថិតនៅក្នុងក្រសួងការបរទេសតែមួយ។ លើកលែងតែអគ្គនាយក និងមន្ត្រីនៃនាយកដ្ឋាននេះ ជឿលើ «រឿងនិទានអំពីផែនទីខ្នាត ១:៥០,០០០»។
ប្រសិនបើពួកគេពិតជាមានជំនឿបែបនោះមែន សូមមេត្តាចេញសេចក្ដីថ្លែងការណ៍ឱ្យសាធារណជនបានដឹងផងថា នាយកដ្ឋានសន្ធិសញ្ញា និងច្បាប់ នឹងយក «ផែនទីខ្នាត ១:៥០,០០០» ជាផែនទីគោលសម្រាប់អនុវត្តការងារ។ សំណួរនេះក៏មានន័យសំដៅទៅកាន់នាយកដ្ឋានផែនទីយោធាផងដែរ ថាតើស្ថាប័នទាំងពីរនឹងប្រើប្រាស់ផែនទីច្បាប់
ណាមួយជាគោលក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
៦៖ ក្រសួងការបរទេសថៃ ជាពិសេសមន្ត្រីរាជការអាជីពកម្រិតថ្នាក់ដឹកនាំ ប្រហែលត្រូវទទួលស្គាល់ថា ការណ៍ដែលរដ្ឋមន្ត្រីការបរទេសចេញមកនិយាយព័ត៌មានខុស អំពីផែនទី មិនបានជួយបង្កើតប្រៀបឱ្យភាគីថៃនៅលើវេទិការអន្តរជាតិឡើយ។ ផ្ទុយទៅវិញ វាបានធ្វើឱ្យរូបភាពរបស់ថៃកាន់តែអាក្រក់ឡើង ព្រោះការនិយាយបែបនេះស្មើនឹងបង្ហាញថា ថៃមិនទទួលយកវិធានអន្តរជាតិ លើកលែងតែមន្ត្រីនៃក្រសួងនេះក៏ប្រកាន់យក «ផែនទីយោធាខ្នាត ១:៥០ ០០០» ជាគោល ដូចការលើកឡើងរបស់ រដ្ឋមន្ត្រីដែរ។ (ឬក៏ប្រហែលអគ្គនាយកពាក់ព័ន្ធខ្លះមិនជំទាស់ព្រោះកំពុងរង់ចាំទទួលតំណែងជាទូតប្រចាំការនៅបរទេស—ដូច្នោះហើយ ពួកគេក៏មិនថាដែរ ហាហាហា!)
៧៖ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសផ្ទាល់ ធ្លាប់កាន់តំណែងជាអគ្គលេខាធិការអចិន្ត្រៃយ៍ក្រសួងការបរទេសពីមុន ហើយគួរតែដឹងច្បាស់អំពីផែនទី ដែលត្រូវប្រើសម្រាប់ដោះស្រាយបញ្ហាអន្តរជាតិ និងអំពីអនុស្សរណៈនៃការយោគយល់គ្នា (MOU)។ កន្លងមក លោកក៏មិនធ្លាប់បង្ហាញជំហរជំទាស់លើបញ្ហានេះដែរ។ ដូច្នេះ គួរឱ្យភ្ញាក់ផ្អើលដែលនៅថ្ងៃនេះ លោកបែរជាប្រកាន់យកផែនទីដែលមិនអាចប្រើប្រាស់ក្នុងផ្លូវច្បាប់បាន។
៨៖ ថៃព្យាយាមជំទាស់ថា មុននឹងឈានទៅរកដំណើរការសម្រុះសម្រួលដោយបង្ខំ កម្ពុជាគួរតែយល់ព្រមបើកវេទិកាទ្វេភាគីជាមួយថៃជាមុនសិន។ ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រី ក្នុងឋានៈជាអតីតអ្នកការទូត គួរតែដឹងច្បាស់ថា នៅពេលរដ្ឋាភិបាលថៃបានប្រកាសលុបចោល MOU ឆ្នាំ២០០១ ដែលបានកំណត់ក្របខ័ណ្ឌ ចរចាបញ្ហានេះតាមបែបទ្វេភាគី ការប្រកាសលុបចោលនោះស្មើនឹងភាគីថៃបានបោះបង់ការចរចាទ្វេភាគីជាមុនរួចទៅហើយ។ ការណ៍នេះបានបើកផ្លូវឱ្យកម្ពុជាអាចដាក់ សម្ពាធឱ្យថៃចូលក្នុងដំណើរការសម្រុះសម្រួលដោយបង្ខំដោយចៀសមិនរួច។
៩៖ ឧបនាយករដ្ឋមន្ត្រីថៃបានព្យាយាមស្នើថា គួរពិភាក្សាបញ្ហាសមុទ្រជាមុន ហើយបន្ទាប់មកទើបបន្តទៅបញ្ហាព្រំដែនគោក។ ការលើកឡើងបែបនេះស្មើនឹងបញ្ជូនសញ្ញាថា រដ្ឋាភិបាលថៃនៅមិនទាន់ដោះស្រាយបញ្ហាខ្សែព្រំដែនគោកនៅឡើយ។ ជំហរបែបនេះបានបើកផ្លូវឱ្យរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យមានកិច្ចប្រជុំពាក់ព័ន្ធនឹងខ្សែព្រំដែន
គោកតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ ប៉ុន្តែជំហររបស់នាយករដ្ឋមន្តី និង ឧបនាយករដ្ឋមន្ត្រីថៃ មិនបានបង្ហាញការឆ្លើយតបលើបញ្ហា នេះឡើយ។ នេះអាចត្រូវបានគេយល់ថា ជាសញ្ញាមួយទៀតថា រដ្ឋាភិបាលថៃបាន «បិទទ្វារ JBC» រួចទៅហើយ។
១០៖ ជំហរ «បិទទ្វារ JBC» បូករួមនឹងការត្រូវរង់ចាំដំណើរការសម្រុះសម្រួលដោយបង្ខំ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលរង់ចាំជ្រើសរើសប្រធាន នឹងក្លាយជាសញ្ញាថា ការដោះស្រាយបញ្ហាថៃ-កម្ពុជានឹងត្រូវអូសបន្លាយទៅយូរដោយគ្មានភាពច្បាស់លាស់។ គ្មាននរណាដឹងថា នឹងមានអ្វីកើតឡើងនាពេលអនាគត ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសង្គ្រាម។
១១៖ នៅថ្ងៃនេះ ប្រសិនបើរដ្ឋាភិបាលនៅមានស្មារតីពិចារណាខ្លះ នោះគួរតែទទួលស្គាល់ថា «សង្គ្រាមជុំទី៣» មិនអាចផ្ដល់ផលចំណេញផ្នែកយុទ្ធសាស្ត្រដល់ថៃឡើយ។ ផ្ទុយទៅវិញ វាអាចធ្វើឱ្យថៃកាន់តែចាញ់ប្រៀបនៅលើវេទិកាអន្តរជាតិ។ អ្វីដែលសំខាន់នោះ គឺកងទ័ពមិនត្រូវក្លាយជា «ជនរងគ្រោះ» នៃចរន្តជាតិនិយមបែបនេះទេ។ ព្រោះប្រសិនបើស្ថានការណ៍សង្គ្រាមប្រែប្រួលមិនដូចការរំពឹងទុក នោះកងទ័ពនឹងក្លាយជា «ពពែទទួលបាបដ៏ធ្ងន់» របស់អ្នកនយោបាយភ្លាមៗជាមិនខាន។ (សូមអនុញ្ញាតសើច ហាហាហា!)
សេចក្តីបញ្ចប់
អត្ថបទនេះមិនត្រូវបានសរសេរឡើងដើម្បីឱ្យភាគីកម្ពុជា យកទៅប្រើប្រាស់ជាប្រយោជន៍ផ្នែកនយោបាយឡើយហើយជាការពិត វាប្រហែលមិនត្រូវចិត្តមនុស្សជាច្រើននៅក្នុងសង្គមថៃទេ។ ប៉ុន្តែតើដល់ពេលហើយឬនៅដែលយើងត្រូវគិតឡើងវិញថា ថៃគួរតែពិនិត្យឡើងវិញនូវជំហររបស់ខ្លួននៅលើវេទិកាអន្តរជាតិ? សភាពបែប «ស្វាដោះសំណាញ់» ធ្វើឱ្យយើងកាន់តែដើរ កាន់តែភ្លាត់ស្នៀត។ តើយើងនឹងបណ្ដោយឱ្យ «ស្វា (នៅផ្លូវស្រីអយុធ្យា) ដោះសំណាញ់»និងបន្តភ្លាត់ស្នៀតរហូតតទៅទៀតឬ?
បញ្ជាក់បន្ថែម៖ ការណ៍ដែលរដ្ឋមន្ត្រីការបរទេសថៃថ្លែងជាថ្មីនៅថ្ងៃទី០៥ ខែសីហា ថា MOU ឆ្នាំ២០០១ «មិនមានវឌ្ឍនភាពអស់រយៈពេល ២០ឆ្នាំមកហើយ» នោះ លោកគួរតែសាកសួរលោកសាស្ត្រាចារ្យបណ្ឌិត សុរៈគៀត សាធៀនថ ដែលជាអ្នកចុះហត្ថលេខាលើ MOU នេះថា តើការលើកឡើងខាងលើមានការពិតកម្រិតណា។ ប្រសិនបើអាចធ្វើទៅបាន ខ្ញុំចង់ឃើញក្រសួងការបរទេសថៃបើកវេទិកាឱ្យលោកសាស្ត្រាចារ្យ សុរៈគៀត និយាយអំពី MOU ឆ្នាំ២០០១
ដើម្បីឱ្យមន្ត្រីក្រសួងបានស្ដាប់អង្គហេតុពីទស្សនៈមួយផ្សេងទៀត។ ប៉ុន្តែខ្ញុំក៏មិនប្រាកដដែរថា លោករដ្ឋមន្ត្រីស្គាល់ លោកសាស្ដ្រាចារ្យ សុរៈគៀត ដែរឬអត់?






