ពិភពលោកកំពុងមើល៖ ហេតុអ្វីពលរដ្ឋកម្ពុជានៅតែមិនអាចវិលត្រឡប់ទៅផ្ទះ? កុមារ ៦,០០០ នាក់កំពុងរង់ចាំថ្ងៃត្រឡប់ទៅសាលារៀន

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ បានឱ្យដឹថា ក្នុងចំណោមពលរដ្ឋកម្ពុជាជាជនភៀសសឹក ៦៥០ ០០០នាក់ រងគ្រោះពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មកលើទឹកដីកម្ពុជា ២លើក កាលពីឆ្នាំ២០២៥ នៅមានពលរដ្ឋភៀសសឹកចំនួន ២០,០០០នាក់ទៀត ដែលនៅតែបន្តរស់នៅក្នុងស្ថានភាពភៀសសឹក មានកុមារប្រមាណ ៦,០០០នាក់ ដែលមិនត្រឹមតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអាចវិលត្រឡប់ទៅសាលារៀន និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។

តាមរយៈសារលើបណ្តាញសង្គមផ្លូវការ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កុមារទាំងនេះកំពុងបាត់បង់ការអប់រំ សុវត្ថិភាព និងការរស់នៅក្នុងសហគមន៍របស់ខ្លួន ដោយសារស្ថានភាពនៅតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលកម្ពុជាអះអាងថា កងកម្លាំងថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា នេះមិនមែនគ្រាន់តែជាបញ្ហាព្រំដែនទៀតទេ។ នេះគឺជាបញ្ហាមនុស្សធម៌ និងសិទ្ធិមនុស្សដែលសហគមន៍អន្តរជាតិមិនគួរមើលរំលង។

ក្រោយបទឈប់បាញ់ ពលរដ្ឋស៊ីវិលគួរតែអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនដោយ សុវត្ថិភាព ស្ម័គ្រចិត្ត និងសេចក្តីថ្លៃថ្នូរ។ ប៉ុន្តែជាក់ស្តែង ភូមិដែលពួកគេបានរស់នៅអស់ជាច្រើនជំនាន់ ត្រូវបានហ៊ុមព័ទ្ធដោយលួសបន្លា និងទូកុងតឺន័រ ផ្លូវចេញចូលត្រូវបានរាំងខ្ទប់ ហើយផ្ទះសម្បែងមួយចំនួនត្រូវបានបំផ្លាញ។ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏បានរងការខូចខាត និងបំផ្លិចបំផ្លាញផងដែរ។

ត្រង់ចំណុចនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចោទជាសំណួរថា តើបទឈប់បាញ់មានន័យអ្វី បើកុមារ ៦,០០០នាក់ នៅតែមិនអាចត្រឡប់ទៅសាលារៀន? តើសន្តិភាពមានន័យអ្វី បើពលរដ្ឋជាង ២០,០០០នាក់ នៅតែមិនអាចត្រឡប់ទៅផ្ទះ? ហើយតើការគោរពច្បាប់អន្តរជាតិមានន័យអ្វី បើជនស៊ីវិលនៅតែត្រូវបានរារាំងមិនឱ្យវិលត្រឡប់ទៅភូមិដ្ឋានរបស់ខ្លួន?

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការកំណត់ខ្សែបន្ទាត់ព្រំដែន គឺជាបញ្ហាដែលកម្ពុជា និងថៃត្រូវដោះស្រាយដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ និងយន្តការដែលភាគីទាំងពីរបានឯកភាព។ ប៉ុន្តែ ជោគវាសនារបស់ជនស៊ីវិលមិនអាចត្រូវបានយកធ្វើជាចំណាប់ខ្មាំងនៃវិវាទព្រំដែនបានឡើយ។ ការខ្វែងគំនិតគ្នាអំពីព្រំដែន មិនអាចជាលេសសម្រាប់ការរារាំងពលរដ្ឋស៊ីវិលមិនឱ្យវិលត្រឡប់ទៅផ្ទះរបស់ខ្លួនបានទេ។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថា ដូចដែលលោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានគូសបញ្ជាក់ ការវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅ គឺជាបញ្ហាសិទ្ធិមនុស្សដ៏សំខាន់ដែលត្រូវដោះស្រាយ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ស្ថានភាពនេះបង្ហាញថា បញ្ហាដែលកម្ពុជាកំពុងប្រឈមមិនមែនមានតែការចោទប្រកាន់អំពីការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីពីសំណាក់កងកម្លាំងថៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដែលបង្កឱ្យមានសំណួរដែលរដ្ឋាភិបាល និងកងទ័ពថៃត្រូវឆ្លើយចំពោះសហគមន៍អន្តរជាតិ៖ ហេតុអ្វីបានជាក្រោយបទឈប់បាញ់ ពលរដ្ឋស៊ីវិលកម្ពុជារាប់ម៉ឺននាក់នៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេ?

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានបន្តថា ការបំផ្លាញផ្ទះសម្បែង ការរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋ ការខូចខាតសាលារៀន វត្តអារាម មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល មិនអាចត្រូវបានធ្វើឱ្យក្លាយជារឿងធម្មតា មិនអាចត្រូវបានបំភ្លេច និងមិនគួរត្រូវបានទុកឱ្យកន្លងផុតទៅដោយគ្មានការទទួលខុសត្រូវឡើយ។ សន្តិភាពមិនត្រូវវាស់ត្រឹមតែដោយភាពស្ងប់ស្ងាត់នៃកាំភ្លើងទេ។ សន្តិភាពត្រូវវាស់ដោយថាតើពលរដ្ឋអាចត្រឡប់ទៅផ្ទះបានឬអត់ កុមារអាចត្រឡប់ទៅសាលារៀនបានឬអត់ និងគ្រួសារអាចរស់នៅក្នុងភូមិដ្ឋានរបស់ខ្លួនដោយសុវត្ថិភាព និងគ្មានការភ័យខ្លាចបានឬអត់។

ដូច្នេះ ការធានាឱ្យពលរដ្ឋកម្ពុជាដែលនៅតែភៀសសឹកអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងសេចក្តីថ្លៃថ្នូរ ស្របតាម សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងច្បាប់អន្តរជាតិ ត្រូវតែជាកិច្ចការបន្ទាន់។ កងកម្លាំងថៃត្រូវបញ្ឈប់រាល់សកម្មភាពដែលរារាំងការវិលត្រឡប់របស់ជនស៊ីវិល ហើយត្រូវបង្កលក្ខខណ្ឌចាំបាច់ដើម្បីឱ្យពួកគេអាចវិលត្រឡប់ទៅភូមិដ្ឋាន និងស្តារជីវភាពរបស់ខ្លួនឡើងវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងមើល ពលរដ្ឋជាង ២០,០០០នាក់ កំពុងរង់ចាំត្រឡប់ទៅផ្ទះ។ កុមារ ៦,០០០នាក់ កំពុងរង់ចាំត្រឡប់ទៅសាលារៀន។ ដរាបណាសិទ្ធិដ៏មូលដ្ឋាននេះនៅតែមិនត្រូវបានធានា បទឈប់បាញ់អាចបញ្ឈប់ការបាញ់ប្រហារ ប៉ុន្តែមិនទាន់អាចហៅថាជាសន្តិភាពពេញលេញបានឡើយ៕

You might also like