គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូរ THE PARK WAY នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ
(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំង ខុនដូរ THE PARK WAY (អគារA, អគារB និងអគារ C) ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ពិធីនេះដឹកនាំដោយលោក ឃ្លាំង ហួត, លោក ហ៊ុន សុរិទ្ធី, លោក អ៊ីមរ៉ន ហាស្សាន់ និងលោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ និងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ដោយបានការសម្របសម្រួលផ្លូវច្បាប់ពីលោក ទុង រតនា និងលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំស្នងការរងនគរបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងនោះក្រុមការងារបានចុះពិនិត្យអគារ A មានកម្ពស់ ៣៦ជាន់ ស្មើនឹង៤៥០បន្ទប់ អគារ B មានកម្ពស់ ២៦ជាន់ ស្មើនឹង៥០៤បន្ទប់ និងអគារ C មានកម្ពស់ ៣០ជាន់ ស្មើនឹង៥៧៦បន្ទប់ សរុបទាំង៣អគារ មានចំនួន ១,៥៣០បន្ទប់។ ក្រុមការងារពិនិត្យឃើញថា អគារទាំង៣ខាងលើ ត្រូវបានទុកចោល គ្មានមនុស្សស្នាក់នៅ គ្មានបទល្មើសស្កេម និងបទល្មើសផ្សេងៗឡើយ៕






