មន្ត្រី៖ អនុព័ន្ធយោធាចិន មិនបានថ្លែងសារពាក់ព័ន្ធការប្រើប្រាស់បរិក្ខារយោធាផលិតដោយចិន នៅតាមព្រំដែន ដូចការលើកឡើងរបស់យោធាថៃឡើយ

(ភ្នំពេញ)៖ អនុព័ន្ធយោធាចិន ប្រចាំនៅទីក្រុងបាងកក មិនបានធ្វើសេចក្តីថ្លែងការណ៍ដូចការលើកឡើងរបស់យោធាថៃ ពាក់ព័ន្ធនឹងការប្រើប្រាស់បរិក្ខារយោធាផលិតនៅប្រទេសចិន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនោះទេ។ នេះបើយោងតាមមន្ត្រីកម្ពុជាមួយរូប ដែលបានផ្ទៀងផ្ទាត់ព័ត៌មានជាមួយស្ថានទូតចិន បានឱ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។

មន្ត្រីកម្ពុជារូបនេះ បានឱ្យដឹងថា ការអះអាងរបស់យោធាថៃ អំពីជំនួបរវាងតំណាងយោធាចិន និងភាគីថៃ ដែលថាប្រទេសចិនបានប្រាប់កម្ពុជាថា «សម្ភារៈយោធាផលិតដោយចិន មិនគួរត្រូវបានប្រើប្រាស់នៅតំបន់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ» នោះ គឺជាព័ត៌មានគ្មានមូលដ្ឋានឡើយ ហើយអនុព័ន្ធយោធាចិនប្រចាំនៅទីក្រុងបាងកក មិនបានថ្លែងសារយ៉ាងដូច្នេះដូចដែលយោធាថៃបានផ្សព្វផ្សាយនោះទេ។

ផ្ទុយទៅវិញ ភាគីចិនបានប្រើប្រាស់ជំនួបនោះ ដើម្បីបញ្ជាក់ឡើងវិញនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងស្មោះត្រង់ និងរឹងមាំរបស់ខ្លួន ក្នុងការលើកកម្ពស់សន្តិភាព កិច្ចសន្ទនា និងទំនាក់ទំនងល្អរវាងប្រទេសជិតខាង។

សូមបញ្ជាក់ថាកាសែត Khaosod English បានដកស្រង់ការអះអាងរបស់កងទ័ពភូមិន្ទថៃផ្សាយកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ អំពីជំនួបរវាងតំណាងយោធាចិន និងភាគីថៃ ក្នុងនោះមានការអះអាងថា ប្រទេសចិនបានប្រាប់កម្ពុជាថា «សម្ភារៈយោធាផលិតដោយចិន មិនគួរត្រូវបានប្រើប្រាស់នៅតំបន់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ»ទេ៕

You might also like