ករណីឃាតកម្ម ! ប្ដីចាក់សម្លាប់ប្រពន្ធ នៅស្រុកត្រាំកក់ ខេត្តតាកែវ ជនដៃដល់ជាប្ដី ត្រូវចាប់ខ្លួនបានហើយ នៅខេត្តព្រៃវែង

(តាកែវ)៖ ជនដៃដល់ជាប្តីដែលបានប្រើកាំបិតចាក់ប្រពន្ធសម្លាប់ប្រពន្ធ ហើយជិះម៉ូតូរត់គេចខ្លួននោះ ត្រូវបានកម្លាំងនគរបាលតាមស្រាវជ្រាវ និងចាប់ខ្លួនបានហើយ នៅខេត្តព្រៃវែង។
តាមការបញ្ជាក់របស់សមត្ថកិច្ចនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលដឹកនាំដោយ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានសហការស្រាវជ្រាវ និងតាមប្រមាញ់ជនសង្ស័យ រហូតឈានដល់ការចាប់ខ្លួនបាននៅស្រុកពារាំង ខេត្តព្រៃវែង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិដកវ៉ាន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនរងគ្រោះឈ្មោះ និល ចាន់សុភា អាយុ៥០ឆ្នាំ ត្រូវបានប្តីឈ្មោះ ជុំ ផូ អាយុ៤៨ឆ្នាំ ប្រើកាំបិតចាក់ប្រមាណ៥កាំបិត បណ្តាលឲ្យស្លាប់។
ក្រោយធ្វើសកម្មភាព ជនសង្ស័យបានជិះម៉ូតូ Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ 1V-4858 រត់គេចខ្លួន។ ទោះជាយ៉ាងណា ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលបានបើកការស្រាវជ្រាវយ៉ាងសកម្ម រហូតតាមរកឃើញ និងចាប់ខ្លួនជនសង្ស័យបាននៅខេត្តព្រៃវែង។
ជនសង្ស័យត្រូវបាននាំមកកាន់សមត្ថកិច្ច ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំពោះ មូលហេតុដែលនាំឲ្យកើតមានអំពើហិង្សាឈានដល់ការសម្លាប់ប្រពន្ធ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ៕

You might also like