កម្ពុជា មិនដែលភ្លេចអ្នកដែលស្រឡាញ់កម្ពុជា! ឯកឧត្តម ហួត ហាក់ ចុះសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់ Kevin Smith KH
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ ផ្តល់កម្លាំងចិត្ត និងជូនពរលោក Kevin Smith KH ដែលបានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោក Kevin Smith KH ដែលកន្លងមកបានប្រើប្រាស់សមត្ថភាព ទេពកោសល្យ និងឥទ្ធិពលលើបណ្ដាញសង្គមរបស់ខ្លួនប្រកបដោយថាមពល ដើម្បីបន្តចែករំលែក «រឿងរ៉ាវពិតពីកម្ពុជា ទៅកាន់ពិភពលោក» និងចូលរួមចំណែកផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព និងសម្បូរទៅដោយបទពិសោធន៍ដ៏មានតម្លៃ។
សូមជម្រាបជូនថា លោក Kevin Smith KH គឺជាអ្នកផលិតមាតិកាបរទេសមួយរូបដែលបានរស់នៅ និងផ្សារភ្ជាប់ជីវិតជាមួយកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ តាមរយៈការផលិត និងចែករំលែកមាតិកាជាបន្តបន្ទាប់ លោកបាននាំយករឿងរ៉ាវពិតៗពីកម្ពុជា ទាំងជីវភាពរស់នៅរបស់ប្រជាជន វប្បធម៌ ប្រពៃណី ម្ហូបអាហារ គោលដៅទេសចរណ៍ និងភាពស្រស់ស្អាតនៃប្រទេសកម្ពុជា បង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជាពិសេស ការបង្ហាញកម្ពុជាតាមរយៈទស្សនៈរបស់ជនបរទេសដែលរស់នៅ និងស្គាល់កម្ពុជាដោយផ្ទាល់ បានចូលរួមបង្កើតរូបភាពវិជ្ជមាន បង្កើនការយល់ដឹង និងជំរុញឱ្យសាធារណជនអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់។ សកម្មភាពរបស់លោកក៏ជាការរួមចំណែកមួយក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងបង្ហាញពីភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជាទៅកាន់ពិភពលោក។






