ក្រសួងទេសចរណ៍ និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ចាប់ដៃគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់ជំនាញ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យ​ទេសចរណ៍កម្ពុជា​ឱ្យកាន់តែរីកចម្រើន

ទីស្តីការក្រសួងទេសចរណ៍ រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម​ឧកញ៉ា​សាស្ត្រាចារ្យ​សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍ និងការលើកកម្ពស់​សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧកញ៉ាសាស្ត្រាចារ្យប្រធានសមាគម បានគោរពថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាត​ជូន​គណៈប្រតិភូ​ចូលជួបពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនអំពីគម្រោងនៃការ​ស្នើ​សុំ​កិច្ចសហប្រតិបត្តិការ​លើការបណ្តុះបណ្តាល និងបង្កើនជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍមុខរបរ ការពង្រឹង និងពង្រីកសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យ​ទេសចរណ៍ និងការបញ្ជ្រាបការយល់ដឹងអំពីវិស័យទេសចរណ៍ជាមួយបណ្តាញសាស្ត្រាចារ្យ និង​និស្សិត​ឱ្យ​កាន់​តែសកម្មថែមទៀត ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​របស់​សមាគម​ ក្រោមការដឹកនាំរបស់ឯកឧត្តមឧកញ៉ាប្រធាន និងការចូលរួមរបស់សហការី​គ្រប់​លំដាប់​ថ្នាក់ ដែលបានរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសក្នុងវិស័យទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា តែងតែចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព ការរៀបចំកញ្ចប់អត្ថប្រយោជន៍ និងកិច្ចអន្តរាគមន៍​ចាំបា​ច់​នានា សំដៅបង្កើតឱកាសមុខរបរ ការងារ និងប្រាក់ចំណូល ដើម្បីលើកកម្ពស់ជីវភាព និង​ធានា​អនាគតកាន់តែប្រសើរជូនប្រជាពលរដ្ឋ។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពលើទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៤៖
១. បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងសមត្ថភាពធនធានមនុស្សឱ្យស្របតាមតម្រូវការទីផ្សារនៅក្នុងវិស័យទេសចរណ៍។
២. បង្កើតឱកាសការងារ លើកកម្ពស់វិជ្ជាជីវៈ និងអភិវឌ្ឍមុខរបរផ្សេៗនៅតាមខ្សែច្រវាក់ផលិតកម្មនៃវិស័យទេសចរណ៍។
៣. ពង្រីកការងារក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញការបញ្ជ្រាបការយល់ដឹងអំពីវិស័យទេសចរណ៍ឱ្យកាន់តែទូលំទូលាយ។
៤.ឯកភាពរៀបចំការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួង ទេសចរណ៍ និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្លូវការ និងជំរុញការអនុវត្តឱ្យទទួលបានលទ្ធផលជាក់ស្តែង។
ជំនួបនេះបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កា ដោយបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការប្រែក្លាយជំនាញទៅជាមុខរបរ មុខរបរទៅជាប្រាក់ចំណូល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន់។

You might also like