ACU និងសភាពាណិជ្ជកម្មកម្ពុជា ឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដើម្បីពង្រឹង «ភាពស្អាតស្អំក្នុងវិស័យធុរកិច្ច»
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងសភាពាណិជ្ជកម្មកម្ពុជា (ស.ព.ក.) នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានចាប់ដៃគ្នាជាប្រវត្តិសាស្ត្រ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច ដើម្បីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍វិនិយោគពិភពលោកដែលកាន់តែចង្អៀត។
MoU នេះត្រូវបានចុះហត្ថលេខារវាងកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន ACU និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា។
ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ព្រមទាំងមានវត្តមានតំណាងសាក្សីកិត្តិយសពីក្រសួង-ស្ថាប័នសំខាន់ៗ ដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ។
ការប្រមូលផ្តុំគ្នានៃស្ថាប័នពាក់ព័ន្ធយ៉ាងទូលំទូលាយបែបនេះ ឆ្លុះបញ្ចាំងពីទំហំ និងទម្ងន់ជាយុទ្ធសាស្ត្រជាតិមួយ ដែលលើសពីកិច្ចព្រមព្រៀងធម្មតា ប៉ុន្តែជាចលនាកសាងជាតិឆ្ពោះទៅរកឧត្តមភាពមួយ «ធុរកិច្ចស្អាតស្អំ»។
នាឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា ការចុះ MoU រវាង ACU និងសភាពាណិជ្ជកម្មកម្ពុជា គឺជាថ្ងៃប្រវត្តិសាស្ត្រមួយដើម្បីសហការគ្នាដោះស្រាយប្រឈម និងរួមគ្នាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើន។ អ្វីដែលអ្នកវិនិយោគក្នុងប្រទេសចង់បាន និងអ្នកវិនិយោគក្រៅស្រុកចង់បាន គឺ «ភាពស្អាតស្អំ» របស់អ្នកអនុវត្តសេវាសាធារណៈ។
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា ប្រសិនបើអនុវត្តសេវាសាធារណៈទៅបានដោយតម្លាភាពលោកជឿថា កម្ពុជាយើងនឹងទាក់ទាញការវិនិយោគទុនយ៉ាងច្រើន ជាពិសេសអាចយកលំហូវិនិយោគពីប្រទេសជិតខាង និងសមាជិកអាស៊ានផ្សេងទៀត ដែលកំពុងចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅកម្ពុជា។
បើតាមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានសង្កត់ធ្ងន់ថា ការចុះ MoU រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា គឺជាការបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្លាស់ប្តូរនូវវប្បធម៌ធុរកិច្ចឱ្យកាន់តែដោយផ្តោតលើសុចរិតភាព និងតម្លាភាព សំដៅជំរុញបរិយាកាសវិនិយោគ និងធុរកិច្ចឱ្យកាន់តែស្អាតស្អំ និងមានឧត្តមភាពប្រកួតប្រជែងឱ្យកាន់តែខ្លាំងនៅក្នុងបរិការណ៍សេដ្ឋកិច្ចពិភពលោក ដែលកាន់តែចង្អៀត កាន់តែត្រូវការទំនុកចិត្ត ការគោរពច្បាប់ និងការការពារផលប្រយោជន៍របស់ធុរជនជាតិ និងអន្តរជាតិ។
កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានចាត់ទុកការចុះ MoU ជាមួយសភាពាណិជ្ជកម្មកម្ពុជា ជា MoU មួយដែលមានសក្តានុពល និងមានវិសាលភាពធំធេងគ្របដណ្តប់ដល់សមាជិកជាធុរជនជាច្រើនទាំងនៅក្នុងប្រទេស និងនៅលើសកលលោក។ ចំណុចនេះគឺជាសារបញ្ជាក់យ៉ាងច្បាស់ៗថានៅកម្ពុជា ទាំងរដ្ឋ និងឯកជនបានប្តេជ្ញា ក្នុងការកសាងវប្បធម៌ស្អាតស្អំ សម្រាប់ធុរកិច្ច និងការវិនិយោគ ហើយនេះក៏ជាការធ្វើទីផ្សារផ្សព្វផ្សាយជូនអ្នកធុរជនជាតិ និងអន្តរជាតិថា «វិនិយោគរបស់អស់លោកអ្នកនឹងត្រូវបានរួមគ្នា ការពារទាំងរដ្ឋ ទាំងតំណាងវិស័យឯកជន និងទាំងអង្គភាពប្រឆាំងអំពើពុករលួយ។ ដូច្នេះ សុំជ្រើសរើសកម្ពុជា ដើម្បីវិនិយោគ ដោយទំនុកទុកចិត្ត និងដោយការទទួលខុសត្រូវ»។
ស្ថាប័នរដ្ឋ និងវិស័យឯកជន បានកំណត់ទិសដៅសកម្មភាពជាក់ស្តែងចំនួន៤ គឺ៖ ជំរុញការបណ្តុះបណ្តាល សិក្ខាសាលា និងផ្សព្វផ្សាយច្បាប់ដល់សមាជិកសភាពាណិជ្ជកម្ម និងវិស័យឯកជន រៀបចំកិច្ចសន្ទនា ក្នុងគោលដៅដោះស្រាយឧបសគ្គប្រឈមក្នុងវិស័យឯកជនជាប្រចាំឆ្នាំ តែងតាំងជនបង្គោល សម្រាប់ការទំនាក់ទំនងលឿន និងជាប្រចាំ និងទទួល-ដោះស្រាយរាល់ពាក្យបណ្តឹង-ព័ត៌មានទាំងឡាយ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍រក្សាការសម្ងាត់ ដើម្បីការពារសុវត្ថិភាព និងផលប្រយោជន៍អ្នកផ្តល់ព័ត៌មាន។
គួរឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែសង្កត់ធ្ងន់លើគោលនយោបាយកសាងវប្បធម៌សុចរិតភាពក្នុងវិស័យសេដ្ឋកិច្ច ក្នុងបរិបទសកលដែលការប្រកួតប្រជែងទាក់ទាញការវិនិយោគកំពុងកាន់តែស្រួចស្រាវ។
MoU នេះ ជាការឆ្លើយតបជាក់ស្តែង ចំពោះទិសដៅនោះ ព្រមទាំងជាសារទៅកាន់ពិភពលោកថា កម្ពុជាមិនត្រឹមតែនិយាយពីកំណែទម្រង់ប៉ុណ្ណោះទេ ថែមទាំងកំពុងសាងសង់យន្តការជាក់ស្តែងឱ្យស្ថាប័នរដ្ឋ និងឯកជនធ្វើការជាមួយគ្នា ដើម្បីធានាបាននូវបរិយាកាសវិនិយោគប្រកបដោយតម្លាភាព និងទំនុកចិត្តខ្ពស់។
ស្ថាប័នទាំងពីរបានអំពាវនាវដល់ក្រសួង-ស្ថាប័នរដ្ឋ ធុរជន និងវិនិយោគិនជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ ចូលរួមគាំទ្រការអនុវត្ត MoU នេះឱ្យកើតផលជាក់ស្តែង សំដៅឱ្យកម្ពុជាក្លាយជាទីតាំងវិនិយោគដែលមានទាំងភាពទាក់ទាញ ទាំងភាពស្អាតស្អំ ដើម្បីវឌ្ឍនភាព និងចីរភាពសេដ្ឋកិច្ចជាតិយូរអង្វែង៕






