បញ្ចេញកម្លាំងដើម្បីទប់ស្កាត់ក្មេងទំនើង និងបទល្មើសព្រហ្មទណ្ឌ និងការលួចប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ នគរបាលខណ្ឌដោយមានបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានចាត់កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព ធ្វើការល្បាតដើមបីបង្ការបទល្មើសលួចឆក់ប្លន់ ក្មេងទំនើង និងការពារជនសង្ស័យលួច និងប្រើប្រាស់នូវសារធាតុញៀន។ ជាលទ្ធផល កងកម្លាំងធ្វើការបង្ក្រាបបាន ០២ករណី ដោយ ១ករណី អប់រំយុវជន ១ក្រុម ដែលមានការប្រមូលផ្តុំគ្នានៅកន្លែងទីតាំង ងងឹត និងករណីទី២ ឃាត់ខ្លួនពាក់ព័ន្ធនឹងសារធាតុញៀន រក្សាទុកនូវថ្នាំក្រាមសថ្លាចំនួន ២កញ្ចប់ សង្ស័យមានសារធាតុញៀន ត្រូវបាននាំទៅជំនាញបន្តការសាកសួរ។ ហេតុការណ៍នេះកើតឡើង កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឱ្យដឹងថា ការបញ្ចេញកម្លាំងតាមផ្នែកជំនាញ និងសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពសាលាខណ្ឌឫស្សីកែវ គឺដើម្បីរួមគ្នាល្បាតបង្ការបទល្មើសផ្សេងៗក្នុងមូលដ្ឋាន ជាពិសេសការលួចប្រើប្រាស់គ្រឿងញៀន និងការប្រមូលផ្តុំក្មេងទំនើង និងបង្ហោះម៉ូតូជាដើម រហូតកម្លាំងឃាត់បាន ០២ករណី៖
ករណីទី១៖ ការអប់រំយុវជនក្មេងៗដែលជិះម៉ូតូ និងអង្គុយប្រមូលផ្តុំ ដោយកងកម្លាំងបានអប់រំណែនាំនៅនឹងកន្លែង រួចឱ្យត្រឡប់ទៅផ្ទះវិញ ដើម្បីការពារសុវត្ថិភាព និងទប់ស្កាត់ការប្រមូលផ្តុំក្មេងទំនើង។
ករណីទី២៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បានធ្វើការបង្ក្រាបជាក់ស្តែងករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ជាលទ្ធផលកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។
អត្តសញ្ញាណជនសង្ស័យរួមមាន៖
១. ឈ្មោះ ប៉ៅ ជី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
២. ឈ្មោះ ង្វៀង មិន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់។
សម្ភារដកហូតរួមមាន៖
* ក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ (ជារបស់ឈ្មោះ ប៉ៅ ជី និង ង្វៀង មិន)
* ម៉ូតូម៉ាក HONDA ICON ពណ៌សលាយក្រហម ចំនួន ០១គ្រឿង (ផ្លាកលេខ ភព 1BJ-3113)
* ទូរស័ព្ទ OPPO ពណ៌ស ចំនួន ០១គ្រឿង
ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕






