ក្រុមជាតិនិយមថៃ ធ្វើបាតុកម្មមុខស្ថានទូតអ៊ីស្រាអែល ទាមទារឲ្យទេសចរអ៊ីស្រាអែល គោរពថៃ និងកុំច្រឡើសបើស
ក្រុមអ្នកជាតិនិយមថៃ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងបាងកក ដើម្បីជាការតវ៉ា ចំពោះអ្វីដែលពួកគេចោទថា ទេសចរអ៊ីស្រាអែលមួយចំនួន មានចរិតច្រឡើសបើស និងគ្មានការគោរព ពេលមកលេងប្រទេសថៃ។
តាមការផ្សាយរបស់ Khaosod, បាតុកម្មនេះដឹកនាំដោយលោក Te Acheewa ដែលជាមេចលនា «Thai Mai Thon» ហើយបានចាប់ផ្តើមនាវេលារសៀល ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់ថា មានមនុស្សចូលរួមប៉ុន្មាននាក់ឡើយ។
ក្រុមបាតុករ ទាមទារឲ្យឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ចេញលិខិតព្រមាន ដើម្បីទប់ស្កាត់ និងអប់រំពលរដ្ឋរបស់ខ្លួន ឲ្យចេះគោរពច្បាប់ ទំនៀមទម្លាប់ក្នុងស្រុក និងវប្បធម៌នៃប្រទេសថៃ ខ្លះផង។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតអ៊ីស្រាអែលផ្ទាល់ មិនបានធ្វើការឆ្លើយតបអ្វីទេ។
សូមជម្រាបថា ដើមហេតុ ដែលនាំឲ្យមានបាតុកម្មនេះកើតឡើង គឺដោយសារក្រុមបាតុករ អះអាងថា ពួកគេទទួលបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋថៃ ដែលត្រូវទេសចរជាជនជាតិអ៊ីស្រាអែល គំរាមកំហែង បៀតបៀន រំលោភច្បាប់ចរាចរណ៍ ព្រមទាំងវិវាទលើអាជីវកម្ម និងអចលនទ្រព្យ ជាពិសេសនៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍សំខាន់ៗ ដូចជាកោះផាង៉ាន់ និងភូកេត ជាដើម៕






