ឃាត់​ខ្លួនជន​សង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​នឹង​ករណី​ ជួញ​ដូរ​ និង​រក្សា​ទុក​​សារធាតុ​ញៀន​​

បន្ទាយមានជ័យ​៖​ អនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​មុឺងម៉ាត់​របស់​ឯកឧត្ដម​ នាយ​ ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​អនុវត្ត​តាម​បទ​បញ្ជា​ផ្ទាល់របស់​ លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ក្រោយ​មាន​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ល្អ​ ថា​មាន​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ខុសច្បាប់​។
នៅ​ថ្ងៃ​ទី​១​ ខែ​កញ្ញា​ ឆ្នាំ​២០២៦​ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំកម្លាំង​ការិយាល័យជំនាញ​ប្រឆាំង​គ្រឿងញៀន​និងកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបាន​ចចុះទៅដល់ចំណុចផ្ទះ​ជួល​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ភូមិ​គីឡូលេខ៤​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​១នាក់​ ជាជនជាតិចិន ។
លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បាន​ឱ្យ​​ដឹង​ថា​÷កិច្ច​ប្រតិបត្តិការ​នេះ​លោកបាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ និង​កម្លាំង​នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ ចុះទៅដល់ទីតាំងនិងបានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ​ Zhang Long ភេទ​ប្រុស​ អាយុ​៣៨ឆ្នាំ​ ជាជនជាតិ​ចិន​ ស្នាក់នៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក​ឧត្ដមសេនីយ៍​ស្នងការរង បាន​បញ្ជាក់​ឱ្យ​​ដឹង​ទៀតថា​÷ ក្រោយ​ពី​កម្លាំងសមត្ថកិច្ចបាន​ធ្វើ​ការ​ឃាត់​ខ្លួន​ និង​ឆែកឆេររកឃើញវត្ថុ​តាង​រួម​មាន​៖១.ម្សៅម៉ត់ស​ ៤ថង់ ទម្ងន់១៣.៦០ក្រាម , ​២.ក្រាមសថ្លា​ ចំនួន១ដុំ​ ទម្ងន់​១៤៩.៧៧ក្រាម , ៣.ថ្នាំគ្រាប់ពណ៌ក្រហម​ ៣គ្រាប់,​៤.ក្បាលផតខេ​ ១១៧គ្រាប់(គ្មានទឹក៣៧គ្រាប់)​ , ៥.ទូរស័ព្ទ០២គ្រឿង​ នឹងរថយន្តចំនួន០១គ្រឿង ។
ជនសង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនិតិវិធី៕

You might also like