ឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់ ០៧ខ្នង និងម៉ូតូ ០២គ្រឿង នៅខណ្ឌមានជ័យ

ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះឈើប្រក់ស័ង្កសីចំនួន ០៧ខ្នងទាំងស្រុង រួមទាំងម៉ូតូចំនួន ០២គ្រឿងទៀត ដោយបានបង្កការភ្ញាក់ផ្អើលនៅ រសៀល ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចក្រុម៨ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងមានឈ្មោះ មឿង ផល្លី ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកអនាម័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គេឃើញមានផ្ទុះចេញពីផ្ទះឈើប្រក់ស័ង្កសីខាងលើ ភ្លាមៗក៏មានផ្សែងហុយ រួមទាំងអណ្តាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅ ផ្អើលដល់អ្នកជិតខាង រួមទាំងអាជ្ញាធរមូលដ្ឋានចុះមកដល់ និងបានទាក់ទងទៅមន្ត្រីជំនាញបង្ការ និងសង្គ្រោះអគ្គិភ័យ ចេញរថយន្តមកបាញ់ទឹកពន្លត់ជាច្រើនគ្រឿងផងដែរ។
ប្រតិបត្តិការបង្ការ និងសង្គ្រោះអគ្គិភ័យខាងលើ មានការចូលរួមបាញ់ពន្លត់ពី៖
រថយន្តអគ្គិភ័យការិយាល័យរាជធានីភ្នំពេញ៖ ចំនួន ១៦គ្រឿង ប្រើប្រាស់ទឹកអស់ ១៦គ្រឿង (ស្មើនឹង ៦៤ម៉ែត្រគូប) រថយន្តអគ្គិភ័យកងរាជអាវុធហត្ថ៖ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន (ស្មើនឹង ១២ម៉ែត្រគូប) រថយន្តអគ្គិភ័យបុរីប៉េងហួត៖ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន (ស្មើនឹង ០៦ម៉ែត្រគូប) រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា៖ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន (ស្មើនឹង ០៦ម៉ែត្រគូប) ។

ប្រតិបត្តិការនេះបានពន្លត់ចប់សព្វគ្រប់នៅម៉ោង ១៥:០៥នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែល។
ចំពោះមូលហេតុដែលបង្កឱ្យមានភ្លើងឆេះផ្ទះខាងលើ គឺមកពីឆ្លងចរន្តអគ្គិសនី បានធ្វើឱ្យខូចខាតសម្ភារៈ និងឆេះផ្ទះឈើប្រក់ស័ង្កសីចំនួន ០៧ខ្នង, ម៉ូតូចំនួន ០២គ្រឿង រួមទាំងសម្ភារប្រើប្រាស់អស់ស្រុង ដោយមិនបណ្តាលឱ្យមានមនុស្សស្លាប់ ឬរងរបួសឡើយ៕

 

You might also like