នគរបាលឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន ចំនួន ០២នាក់ និងវត្ថុតាង
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន ០២នាក់ប្រុសស្រី ធ្វើសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់នៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន។
សមត្ថកិច្ចបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន ០២នាក់ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោក ធិន ស៊ិនដេត បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់មាន៖
១. ឈ្មោះ DENY RIANTO ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី
២. ឈ្មោះ គាំ ស្រីឡែន ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ
លោកស្នងការរងបានបញ្ជាក់បន្ថែមទៀតថា ក្រោយពីកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីសាកសួរ ជនសង្ស័យទាំង ០២នាក់បានសារភាព និងសហការជាមួយសមត្ថកិច្ចឈានដល់ការឆែកឆេរផ្ទះរបស់ជនសង្ស័យ ដកហូតបានសម្ភារ និងវត្ថុតាងរួមមាន៖
១. ក្បាលបារីអេឡិចត្រូនិច POD K(CBD) មានទឹកវេចខ្ចប់រួចចំនួន ១១១ ក្បាល
២. ក្រាមសថ្លាក្នុងកញ្ចប់ពណ៌ខៀវសង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់
៣. កញ្ឆាក្រៀមចំនួន ០១ កញ្ចប់
៤. សារធាតុរាវដាក់ដបពណ៌សចំនួន ០៧ ដប
៥. ក្បាលបារីអេឡិចត្រូនិច POD K(CBD) គ្មានទឹកចំនួន ០២ ថង់ធំ
៦. សំបកដបទទេសម្រាប់ដាក់សារធាតុរាវចំនួន ០៧ ដប
៧. ម៉ាស៊ីនបារីអេឡិចត្រូនិចចំនួន ០១ ដើម
៨. សំបកថង់សម្រាប់វេចខ្ចប់សារធាតុញៀនមួយចំនួន
៩. ញញួរដែកចំនួន ០១
១០. ឧបករណ៍សម្រាប់ប្រើប្រាស់កែច្នៃគ្រឿងញៀនមួយចំនួន
១១. ទូរសព្ទចំនួន ០៤ គ្រឿង
១២. រថយន្តម៉ាក Lexus CT200h ឆ្នាំ 2012 ពណ៌សបិទស្កុតខ្មៅ ភ្នំពេញ 2CN-6831 ចំនួន ០១ គ្រឿង ។ ជនសង្ស័យទាំង ០២នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕






