កម្លាំងអាជ្ញាធរសង្កាត់-ប៉ុស្តិ៍ចោមចៅទី៣ សហការជាមួយមន្ទីរសង្គមកិច្ច ប្រមូលជនអនាថា បានចំនួន ០៧នាក់
ភ្នំពេញ៖ កម្លាំងអាជ្ញាធរសង្កាត់ និងប៉ុស្តិ៍ចោមចៅទី៣ បានសហការជាមួយកម្លាំងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានចុះប្រមូលក្រុមជនអនាថាដែលគ្មានទីជម្រក ដើរដេក ស្នាក់នៅតាមដងផ្លូវសាធារណៈ ប៉ះពាល់ដល់សណ្តាប់ធ្នាប់។
ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
អាជ្ញាធរបានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានចាត់តាំងឱ្យលោក ចែន សុខចាន់ ជាប្រធានសណ្តាប់ធ្នាប់សង្កាត់ ដឹកនាំកម្លាំងប្រជាការពារ សហការជាមួយនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ និងមន្ទីរសង្គមកិច្ចរាជធានី ចុះប្រមូលជនអនាថាដែលគ្មានទីជម្រក ដើរដេកស្នាក់នៅតាមក្រោមស្ពានអាកាស ចិញ្ចើមផ្លូវ ដីឡូត៍ជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។
ក្នុងប្រតិបត្តិការខាងលើនេះផងដែរ កម្លាំងអាជ្ញាធរបានឃាត់ខ្លួនក្រុមជនអនាថាចំនួន ០៧នាក់ ក្នុងនោះមានស្រី ០២នាក់។
ក្រុមជនអនាថាត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕






