ចៅក្រមសម្រេចចោទប្រកាន់ និងឃុំខ្លួនជនសង្ស័យ ១២នាក់ ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់
(ភ្នំពេញ)៖ លោកស្រី ហុង ម៉ារីនិច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទចំនួន ១២នាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់ ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតយ៉ាងល្អិតល្អន់លើករណីខាងលើ។
ជនត្រូវចោទទាំង ១២នាក់ រួមមាន៖ ជនជាតិខ្មែរ ៦នាក់ ជនជាតិចិន ៤នាក់ ជនជាតិម៉ាឡេស៊ី ១នាក់ និងជនជាតិប៉ាគីស្ថាន ១នាក់។ ក្នុងចំណោមនោះ ជនជាតិខ្មែរមានឈ្មោះ ផាត សុភី, ស៊ឹម ធិណា, សុខ មករា, អ៊ុម យួន, ឈឿន វិច្ចនី និង សេង សាលី។ ចំណែកជនជាតិចិនមានឈ្មោះ ZHANG TAO, TAN WEI, LIU HAO និង SHANG TING។ រីឯជនជាតិម៉ាឡេស៊ីមានឈ្មោះ LIM PIN ANG និងជនជាតិប៉ាគីស្ថានមានឈ្មោះ ALI AWAIS។
ជនត្រូវចោទទាំងអស់ត្រូវបានចោទប្រកាន់ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់» ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ និងទី២ (ម១) & (ម២) ដើម្បីរង់ចាំការបន្តនីតិវិធីតាមផ្លូវច្បាប់។
ករណីនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់អាជ្ញាធរកម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសបទល្មើសដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីការពារសន្តិសុខសង្គម និងផលប្រយោជន៍ប្រជាពលរដ្ឋ។
បូកសរុបបរិមាណសម្ភារដកហូតបានសរុបរួម (គ្រប់ទីតាំង)
១. ទូរស័ព្ទ / ទូរស័ព្ទដៃ៖ សរុបចំនួន ២,៣៧៧ គ្រឿង
២. កុំព្យូទ័រ ALL IN ONE៖ សរុបចំនួន ២៤៥ គ្រឿង
៣. ស៊ីភីយូ (CPU)៖ សរុបចំនួន ២៤ គ្រឿង
៤. ម៉ូនីទ័រ (Monitor)៖ សរុបចំនួន ២០ គ្រឿង
៥. កុំព្យូទ័រយួរដៃ (LAPTOP)៖ សរុបចំនួន ០៥ គ្រឿង
៦. ដុំ WIFI៖ សរុបចំនួន ០៥ គ្រឿង
៧. លិខិតឆ្លងដែន៖ សរុបចំនួន ០៨ (ច្បាប់/ក្បាល)
៨. មធ្យោបាយធ្វើដំណើរ (យានយន្ត)៖
រថយន្ត (BYD ពណ៌ស)៖ ០១ គ្រឿង
ម៉ូតូ (PG1, អាគុណ, KAWASAKI)៖ ០៣ គ្រឿង
៩. ស៊ីមកាតបរទេស/អន្តរជាតិមួយចំនួនធំ






