តំបន់ទេសចរណ៍ធម្មជាតិនៅប្រទេសកម្ពុជា បានក្លាយជាគោលដៅដ៏ទាក់ទាញក្នុងរដូវកាលបៃតង
ភ្នំពេញ៖ រដូវកាលបៃតងបាននាំមកនូវសម្រស់ធម្មជាតិដ៏ស្រស់បំព្រងជាមួយព្រៃឈើ និងភ្នំ ខៀវស្រងាត់ ទឹលជ្រោះហូរធ្លាក់ និងបរិយាកាសត្រជាក់ស្រស់ស្រាយ កំពុងទាក់ទាញភ្ញៀវទេសចរធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិនានា ដើម្បីសម្រាកលំហែ និងស្វែងពីសក្តានុពលធម្មជាតិ។
ការកើនឡើងនៃទឹកភ្លៀងបានធ្វើឱ្យតំបន់ធម្មជាតិជាច្រើនមានទេសភាពកាន់តែស្រស់ស្អាត និងស្រស់បំព្រង ជាពិសេសតំបន់ព្រៃភ្នំ ទឹកជ្រោះ បឹងធម្មជាតិ និងតំបន់អេកូទេសចរណ៍។ ស្ថានភាពនេះមិនត្រឹមតែផ្តល់ឱកាសឱ្យភ្ញៀវទេសចរបានសម្រាកលំហែ និងរីករាយជាមួយបរិយាកាសធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជំរុញការប្រើប្រាស់សេវាកម្មក្នុងតំបន់ និងការរកចំណូលរបស់ប្រជាសហគមន៍ ផងដែរ។
ជាក់ស្តែង ចំនួនភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេសផ្ទៃក្នុង បានទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍ធ្មម្មជាតិ មានចំនួនសរុប ៣៦២,០៣៣នាក់ ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៦ កើនឡើង ៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន ប្រមាណ ៣ម៉ឺននាក់ កើនឡើង ៧ ភាគរយ។ នេះបើតាម របាយការណ៍ក្រសួងទេសចរណ៍។ នេះបង្ហាញឱ្យឃើញថា តំបន់ទេសចរណ៍ធ្មម្មជាតិកំពុងក្លាយជាគោលដៅទេសចរដ៏មានសក្តានុពល ក្នុងចំណោមតំបន់ទេសចរសំខាន់ៗ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តជាប់មាត់សមុទ្រផ្សេងទៀត។
ឯកឧត្ដម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ថា ស្ថានភាពជាទូទៅនៃវិស័យទេសចរណ៍ ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៦នេះ មិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយទេ។ ជាពិសេស ស្ថានភាពភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរចូលមកប្រទេសកម្ពុជា ដែលមានចំនួនជិត ២លាននាក់ ធ្លាក់ចុះ ៤៦ ភាគរយ បើធៀននឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឯកឧត្ដម បន្តថា ទោះបីយ៉ាងណា ស្ថានភាពទេសចរណ៍ផ្ទៃក្នុង ក្នុងក្របខណ្ឌទូទាំងប្រទេសមានលក្ខណៈល្អប្រសើរ ដែលភ្ញៀវទេសចរជាតិមានចំនួន ២៣,៨០លាននាក់ កើនឡើង ៤៧ភាគរយ បើធៀននឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងចំនួនភ្ញៀវទេសចរផ្ទៃក្នុងនេះ គឺបានចូលរួមចំណែកដ៏សំខាន់ទៅដល់ប្រាក់ចំណូលប្រជាពលរដ្ឋ និងសេដ្ឋកិច្ចមូលដ្ឋាន។
ឯកឧត្ដម បានឱ្យដឹងទៀតថា ចំពោះស្ថានភាពគោលដៅទេសចរណ៍សំខាន់ៗ គឺនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ គឺកំណើនភ្ញៀវទេសចរបន្តបានធ្លាក់ចុះ ប៉ុន្តែ តំបន់ទេសចរណ៍ធម្មជាតិគឺមានចំនួនភ្ញៀវទេសចរកើនឡើងគួឱ្យកត់សម្គាល់។
ឯកឧត្តម មានប្រសាសន៍ថា៖ « ភ្ញៀវទេសចរជាតិកំពុងពេញនិយមទៅដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិនានា រួមទាំង តំបន់ទេសចរណ៍ធម្មជាតិជាប់មាត់ឆ្នេរទាំង៤ខេត្តគឺមានចំនួនភ្ញៀវកើនឡើង។នេះជាសញ្ញាវិជ្ជមានមួយល្អ ជាពិសេស ក្នុងយុទ្ធនាការរដូវកាលបៃតង ដែលធ្វើឱ្យទេសចរជាតិ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានការកើនឡើងទៅកាន់តំបន់អេកូទេសចរ ដែលជារដូវកាលមានភាពស្រស់បំព្រង និងកំពុងជួយទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តកាន់តែច្រើនឡើង»។
ឯកឧត្តម បន្ថែមទៀតថា ដើម្បីទាក់ទាញភ្ញៀវទេចរក្នុងរដូវកាលបៃតង ក្រសួងទេចរណ៍កំពុងខិតខំធ្វើការយ៉ាងសកម្មជាមួយក្រសួង-ស្ថានពាក់ព័ន្ធទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាឱ្យកាន់តែទូលំទូលាយ និងជំរុញបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត សំដៅទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព។
ក្នុងគោលបំណងបំប្លែងផ្នត់គំនិតពី «រដូវកាលភ្ញៀវតិច» ឱ្យទៅជា «រដូវកាលដ៏មានសក្តានុពល» ក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦។ រដូវកាលបៃតង មានចាប់ពីខែ ឧសភា ដល់ ខែតុលា។
សូមបញ្ជាក់ថា របាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ២៥,៧៨លាននាក់ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមានចំនួនជិត ២លាននាក់៕






